ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បាននាំទេយ្យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន២០វត្ត ក្នុងក្រុងសិរីសោភ័ណ..!!!

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ១៦ ខែ កក្តដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញអមដំណើរ និងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាព ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ក្នុងពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តចំនួន២០ក្នុងក្រុងសិរីសោភ័ណ ។ ដែលពិធីនេះ រៀបចំតាមពុទ្ធានុញាត នៅបរិវេណវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមការងារគ្រប់ថ្នាក់។ ទេយ្យទានដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ វេរប្រគេនដល់វត្តទាំង២០ ដោយក្នុង១វត្តៗទទួលបាន -អង្ករ៥០គីឡូក្រាម -មី៥កេស -ទឹកសុទ្ធ៥កេស -ទឹកត្រី៥យួរ -ទឹកស៊ីអ៊ីវ៥យួរ -ស្លាដក់១គូ -ទៀនព្រះវស្សា១គូ និងបច្ច័យចំនួន៥០ម៉ឺនរៀលផងដែរ។ សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ព្រះសង្ឃត្រូវនៅក្នុងទីវត្តអារាមរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឲ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ ពិធីបុណ្យនេះចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *