រដ្ឋបាលខេត្តប៉ៃលិន ប្រជុំរៀបចំគម្រោងចំណូល សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤..!!!

ប៉ៃលិន៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នាសាលប្រជុំធំសាលាខេត្ត រដ្ឋបាលខេត្តប៉ៃលិន បានបើកកិច្ច​ប្រជុំ​​ពិនិត្យពិភាក្សា ស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ស្ថិតក្រោម​អធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ មន្ទីរ អង្គភាពស្ថាប័ន​ពាក់ព័ន្ធផងដែរ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកបញ្ជាក់ថា៖ ការអភិវឌ្ឍន៍ក៏ដូចជាការលើកកម្ពស់​សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិ រីកចម្រើនទៅបាន ​គឺអាស្រ័យ​ពឹង​ផ្អែកលើប្រភពចំណូលចូលថវិការដ្ឋ ជាក់ស្ដែងការអភិវឌ្ឍន៍ប្រទេស និងការជំរុញល្បឿនសេដ្ឋកិច្ចសង្គមកម្ពុជា ដែល​មានការរីកចម្រើនមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានដាក់ចេញ​នូវ​គោលនយោបាយ និងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិ បានយ៉ាងមានប្រសិទ្ធភាពល្អប្រសើរ ។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ កិច្ចប្រជុំពេលនេះគឺជាការងារដ៏សំខាន់ ដែលមានគោល​បំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលចូលថវិកាសម្រាប់ខេត្ត ដែលក្នុងនោះមានកំណត់គោលដៅ​អំពីការគ្រោង ការប្រមូល ការបែងចែក ការបង់ និងការប្រើប្រាស់ ចំណូលដែលបានពីកម្រៃ នៃការផ្តល់សេវារដ្ឋបាល និង​សេវាសាធារណៈផ្សេងៗ ទៀតដែលជាប្រភពចំណូលមិនមែនសារពើពន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្ម​មុខងារ​ពីក្រសួង ស្ថាប័ននានា រដ្ឋបាលក្រុង ស្រុក និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ហើយការប្រមូលនេះទៀតសោត ផ្អែកលើមូលដ្ឋានទិន្នន័យសមស្រប និងផ្អែកតាមប្រភេទ និងតម្លៃសេវាដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត​ជា​ធរមាន និង ត្រូវគ្រោងចំណូលដែលបានប៉ានស្មាននេះនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួនទៅតាមចំណាត់ថ្នាក់នៃ មាតិកាថវិកា ។ នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗ ដែល​ពាក់ព័ន្ធមានប្រភពចំណូល ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឲ្យមានប្រសិទ្ធភាពខ្ពស់ គ្រប់ប្រភពចំណូល​ចូល​ជា​​ថវិកា​ខេត្ត សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គម នៅក្នុងខេត្ត សំដៅបម្រើប្រយោជន៍​សាធារណៈ​ក៏​ដូច​ជាប្រជាពលរដ្ឋ អោយបានកាន់តែប្រសើរឡើងថែមទៀត។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ គឺជាការផ្ដល់ឱកាសដល់មន្ទីរនិងអង្គភាព វិស័យ ជំនាញពាក់ព័ន្ធ តាមរយៈការ​ប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានា ក្នុងការបម្រើសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងទៀត ដែល​មានលទ្ធភាពអាចប្រមូលចំណូលចូលថវិការខេត្ត ដែលជាប្រភពចំណូលមិនមែនសារពើពន្ធ ក្នុងនោះមានដូចជា មន្ទីរ​សុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន មន្ទីរបរិស្ថាន មន្ទីរឧស្សា​ហកម្ម​វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ មន្ទីររ៉ែនិងថាមពល មន្ទីរពាណិជ្ជកម្ម មន្ទីររៀបចំដែនដីនគរូប​នីយ​កម្ម សំណង់ និងសុរិយោដី មន្ទីរសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរអប់រំយុវជន និងកីឡា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ៕ ដ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *