អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! សម្តេចមហាបវរធីបតីណែនាំឲ្យក្រសួង២ពិនិត្យការលក់ដូរចំណីអាហារនៅសាលាខណៈកំណើនកើតទឹកនោមផ្អែមមានច្រើន - PMC-News

សម្តេចមហាបវរធីបតីណែនាំឲ្យក្រសួង២ពិនិត្យការលក់ដូរចំណីអាហារនៅសាលាខណៈកំណើនកើតទឹកនោមផ្អែមមានច្រើន

ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រួតពិនិត្យ​មើល​ការ​លក់ដូរ​ចំណីអាហារ នៅ​តាម​សាលារៀន ដើម្បី​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ដល់​សិស្ស ខណៈ​កំណើន​នៃ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​មាន​ច្រើន ។

ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​រាយការណ៍​ពី​កំណើន​នៃ​ជំងឺ​ទឹកនោមផ្អែម មានការ​កើនឡើង​យ៉ាង​ខ្លាំង ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យា សាស្ត្រ​សុខាភិបាល នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ​សម្តេច​ធ្លាប់​បានឃើញ​ផ្ទាល់​ថា ជា​រៀងរាល់ថ្ងៃ​មាន​ក្មេង​ម្នាក់​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ដល់​ទៅ​៣​កំប៉ុង​ឯណោះ​ក្នុង​មួយ​ថ្ងៃ​ៗ ។ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​ឲ្យ​ដឹង​សម្តេច​ក៏​ធ្លាប់​ឃើញ​អ្នក​បើកទូក​នៅ​តំបន់​ទេសចរណ៍​កំពុង​ភ្លុក​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ដល់​ទៅ​៦​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ៗ​ផង​ដែរ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចំណុច​នេះ ខ្ញុំ​សុំ​ឲ្យ​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​ពិនិត្យ​មើល​ធ្វើការ​អប់រំ ការ​ត្រួតពិនិត្យ ក៏​ដូច​ជា ការ​ណែនាំ​ដល់​ការ​លក់​ចំណីអាហារ នៅ​តាម​សាលា​សម្រាប់​ក្មេង​តូច​ៗ​ផង ព្រោះ​ខ្ញុំ​ឃើញ​កំណើន​នៃ​អ្នក​កើត​ទឹកនោមផ្អែម​អាយុ​៣០​ជាង ៤០​ជាង ហើយ​សួរ​ខាង​បច្ចេកទេស​ថ្ងៃមុន ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏​បាន​លើក​អំពី​កំណើន​ព្រោះ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម មិនមែន​ទាន់​តែ​គ្រប់​អាយុ​ហូប​ចុក​បាន​ទេ ជួនកាល​តាំងពី​ក្មេង ព្រោះ​ខ្ញុំ​ឃើញ​ក្មេង​ខ្លះ​ខ្ញុំ​ឃើញ​លេង​ប៉ូវ​កម្លាំង​មួយ​ថ្ងៃ​៣​កំប៉ុង​ទៅ​ហើយ ម្តាយ​អាណិតកូន កូន​ចូល​ចិត្ត​ផ្អែម​ដាក់​ឲ្យ ៣​កំប៉ុង​ពី​ក្មេង​» ។ សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​ថា ៖« ថ្ងៃមុន ខ្ញុំ​ទៅ​កំពុង​ភ្លុក ម្ចាស់​ទូក​ម្នាក់​អាយុ​ជាង​៦០ លេង​ខា​រ៉ា​បាវ ៦​កំប៉ុង​ម្នាក់ឯង ។ ខ្ញុំ​ថា ខ្លាំង​ណាស់​អ៊ំ តែ​ប្រយ័ត្ន​ផង​អ៊ំ​…» ។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា កាលពីមុន​ក្នុង​ចំណោម​មនុស្ស​ស្លា​.​ប់​សរុប គឺ​ស្លា​.​ប់​ដោយសារ​ជំងឺឆ្លង​មាន​ច្រើន​ជាង​ស្លា​.​ប់​ដោយសារ​ជំងឺមិនឆ្លង ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ស្លា​.​ប់​ពី​ជំងឺមិនឆ្លង​មាន​លើស​ពី​ពាក់កណ្ដាល​ហើយ ។ ជំងឺ​ទឹកនោមផ្អែម ដែល​ជា​ជំងឺមិនឆ្លង​មួយ​ប្រភេទ គឺជា​ឃា​.​តករ​លាក់​មុខ​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា ជំងឺមិនឆ្លង​៤​ប្រភេទ រួម​មាន​ជំងឺ​បេះដូង​សរសៃឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺមហារីក និង​ជំងឺ​ផ្លូវដង្ហើម​រុំ​ា​រ៉ៃ ដែល​កំពុង​ជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ក៏​ដូច​ជា នៅ​លើ​សកលលោក​ដែល​ជំងឺមិនឆ្លង​ខាងលើ​នេះ គឺ​អាច​ការពារ​បាន​រហូត​ដល់​ទៅ​៨០% តាម​រយៈ​ការ​មាន​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ តិច​អំបិល តិច​ស្ករ តិច​ខ្លាញ់​, មាន​លំ​ហាត់ប្រាណ​, កុំ​ពិសា​គ្រឿង​ស្រវឹង និង​ថ្នាំជក់​ជាដើម ។

នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ធ្លាប់​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កំពុង​ទម្លាក់​ថវិកា​ទិញ​ថ្នាំ ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ដូច​ជា ថ្នាំ​លើសឈាម និង​ថ្នាំ​ទឹកនោមផ្អែម ដើម្បី​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​លំបាក​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ថ្នាំ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​ថា ពី​ដើម​អ្នកជំងឺ​រង​គ្រោះ​កាត់​ជើង កាត់​ដៃ ដោយសារ​គ្រោះថ្នាក់​មីន ក្រោយ​សង្គ្រាម តែ​បច្ចុប្បន្ន​គ្រោះថ្នាក់​កាត់​ដៃ កាត់​ជើង ដោយសារ​តែ​ជំងឺ​ទឹកនោមផ្អែម ដូច្នេះ​លោក​ក្រើនរម្លឹក​ដល់​ប្រជាជន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​នេះ ។ លោក​ថា ជំងឺ​នេះ​ជា​ប្រភេទ​ជា​ជំងឺមិនឆ្លង​ម្យ៉ាង ដែល​អាច​ស​ម្លា​.​ប់​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​ធ្លាប់​បញ្ជាក់​ថា «​ជំងឺ​ទឹកនោមផ្អែម ជា​បញ្ហា​ធំ​សម្រាប់​នៅ​កម្ពុជា ហើយ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ធំ​មិន​ត្រឹមតែ​នៅ​កម្ពុជា​នោះ​ទេ គឺ​នៅ​លើ​សកលលោក ដូច្នេះ​យើង​ត្រូវ​តែ​ផ្ដោតអារម្មណ៍​ទៅ​ការ​ការពារ​ជំងឺ​ទឹកនោមផ្អែម​នេះ ហើយ​ជំងឺ​នេះ​ជា​ជំងឺមិនឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​នោះ​ទេ ដែល​យើង​អាច​ការពារ​បាន​តាម​រយៈ​មាន​របប​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជាដើម​» ៕


Theme images by Radius Images. Powered by Blogger.