អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! តោះមកដឹងពីតួនាទីភារកិច្ចទាំង១០ របស់អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ - PMC-News

តោះមកដឹងពីតួនាទីភារកិច្ចទាំង១០ របស់អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ

គិតត្រឹមដើមឆ្នាំ២០២៥នេះ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញមានចំនួន១០រូប រួមមាន លោក ឯក ឃុនដឿន លោក កើត ឆែ លោក អ៊ីមរ៉ន ហាស្សាន់ លោកស្រី តិមា វិច្ចិកាល លោក ហួត ហៃ លោកសុខ ពេញវុធ លោក ឃ្លាំង ហួត លោក ហ៊ុន សុរិទ្ធី លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ។

អភិបាលរងទាំង១០រូបនេះ សុទ្ធតែមានភារកិច្ចស្នូលច្បាស់លាស់ ដូចមានកំណត់ក្នុងសេចក្តីណែនាំក្រសួងមហាផ្ទៃលេខ០៤៦ សណន។ បើតាមសេចក្ដីណែនាំនោះ តួនាទី និងភារកិច្ច របស់អភិបាលរងនីមួយៗបានកំណត់ដូចខាងក្រោម។
អភិបាលរង ទទួលជួយអភិបាលរាជធានីលើការងាររដ្ឋបាល ការងារផ្តល់សេវារដ្ឋបាលនៅ អង្គភាពច្រកចេញចូលតែមួយ ការងារស្ថិតិ និងអត្រានុកូលដ្ឋាន ការងារព័ត៌មាន ការងារលេខាធិការក្រុមប្រឹក្សា និងការងារបច្ចេកវិទ្យាព័ត៌មាន និងកាមេរ៉ាសុវត្ថិភាពក្នុងរាជធានី។ អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារហិរញ្ញវត្ថុ កិច្ចការធនាគារ រតនាគារ ពន្ធដារ គយ និងរដ្ឋាករ ការងារលទ្ធកម្មសាធារណៈ និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ អភិបាលរង ទទួលជួយអភិបាលរាជធានីលើ ការងារសាធារណការ និងដឹកជញ្ជូន ការងារថែទាំស្ថានីយបូមទឹក និងការងាររៀបចំស្ថាបនាកែលម្អប្រព័ន្ធរំដោះទឹក ការងារគ្រប់គ្រងរថយន្តកែច្នៃ និងការងាររបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានី ការគ្រប់គ្រងការដឹកជញ្ជូនរ៉ែ ខ្សាច់ឆ្លងកាត់ផ្លូវសាធារណៈ និងស្ពាន។ អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារនគរូបនីយកម្ម ការងារសោភ័ណភាព ការងារគ្រប់គ្រង និងសិក្សាប្លង់គោល ប្លង់ប្រើប្រាស់ដីធ្លីរាជធានីភ្នំពេញ ការងារគ្រប់គ្រង និងអភិរក្សសំណង់ បេតិកភ័ណ្ឌ ការងារគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទ និងការងារចុះបញ្ជីដីធ្លី។ អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ កិច្ចការពន្ធនាគារ ការងារសមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ និងកិច្ចការ សិទ្ធិមនុស្ស ការសម្របសម្រួលដោះស្រាយវិវាទមូលដ្ឋាន និងបណ្ដឹងផ្សេងៗ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការងារដោះស្រាយផលប៉ះពាល់ផ្សេងៗ។ អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារផ្សព្វផ្សាយពាណិជ្ជកម្ម ការងារវិស័យសុខាភិបាល ការងារសេដ្ឋកិច្ច ការងារពាណិជ្ជកម្ម អាជីវកម្ម ការងាររ៉ែ និងថាមពល ការងារឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ការងារប្រៃសណីយ៍ និងទូរគមនាគមន៍ និងការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។ អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគរបស់រដ្ឋបាលរាជធានីភ្នំពេញ ការងារគាំទ្រសមត្ថភាពដល់រដ្ឋបាលខណ្ឌ សង្កាត់ ការងារវិនិយោគឯកជន និងការងារសេវាសង្គម ការងារគ្រប់គ្រងសហគមន៍អ្នកក្រីក្រ ការងារស្តារនីតិសម្បទា និងការងារសង្គមកិច្ច ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារទេសចរណ៍ ការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម សំណល់រឹង សំណល់រាវ ការងារគ្រប់គ្រងទីលានចាក់សំរាម។ អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស កិច្ចការមុខងារសាធារណៈ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារអប់រំ យុវជន និងកីឡា។ អភិបាលរង ទទួលជួយអភិបាលរាជធានី លើការងារទំនាក់ទំនងសាធារណៈ ការងារពិធីការ ការងាររៀបចំកម្មវិធី ឬព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានាក្នុងរាជធានីភ្នំពេញ ការងារទីក្រុងសម្ព័ន្ធមេត្រី សមាគម និងបណ្តាអភិបាលក្រុងនៃប្រទេសនានា ការងារអភិវឌ្ឍទីក្រុងវៃឆ្លាត (Smart City) និងទីក្រុងបៃតង ការងារគ្រប់គ្រងគ្រោះមហន្តរាយ ការងារកិច្ចការនារី និងលើកកម្ពស់យេនឌ័រ ការងារវប្បធម៌ និងវិចិត្រសិល្បៈ ការងារធម្មការ និងសាសនា។ សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានសម្រេចបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ដល់ ១១នាក់ និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដល់ចំនួន៧នាក់។ សម្រាប់រាជធានីភ្នំពេញ អភិបាលរងទាំង១០រូបខាងលើ គឺជាសេនាធិការផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ទាំងទទួលខុសត្រូវលើការងារស្នូលទាំង១០ និងកិច្ចការផ្សេងៗទៀតតាមការប្រគល់ពីអភិបាល៕
Theme images by Radius Images. Powered by Blogger.