បច្ចុប្បន្នភាពចុងក្រោយនៅកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងដំណើរការផ្លូវច្បាប់ចំពោះសំណុំរឿងចោទប្រកាន់លោក Yoon
កូរ៉េខាងត្បូង៖ តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង បានចាប់ផ្ដើមសវនាការលើសំណុំរឿងចោទប្រកាន់ប្រធានាធិបតី យុន ស៊ុកយុល (Yoon Suk Yeol) កាលពីថ្ងៃទី២៧ ខែធ្នូ (ឆ្នាំ ២០២៤) ដោយសវនាការនេះ ចាប់ផ្ដើមដំណើរការលើការសម្រេចចិត្តថាតើលោកយុន នឹងត្រូវធ្លាក់ចេញពីតំណែង ឬក៏យ៉ាងណា ។
កាលពីថ្ងៃទី៣ ខែធ្នូ លោក យុន បានធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងភាពចលាចលមួយរំពេច តាមរយៈការផ្តល់អំណាចឱ្យយោធា ដើម្បីលុបបំបាត់នូវអ្វីដែលលោកយុន ហៅថា ជា «ក្រុមប្រឆាំងរដ្ឋ» និងដើម្បីយកឈ្នះលើក្រុមគូប្រជែងនយោបាយ។
ក្រោយមក ក្រោយពីច្បាប់នេះ ចេញបានត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ លោកយុន ក៏បានសម្រេចចិត្តលុបចោលវិញ បន្ទាប់ពីសមាជិកសភា បានបោះឆ្នោតជំទាស់នឹងសកម្មភាពរបស់លោក។ ការណ៍នេះ ក៏បាននាំមកនូវវិបត្តិធម្មនុញ្ញ និងបង្កឱ្យមានការអំពាវនាវយ៉ាងទូលំទូលាយឱ្យលោកយុន លាលែងពីតំណែង ដោយអ្នករិះគន់បានលើកឡើងថា ទង្វើរបស់លោកយុន បំពានច្បាប់ខ្លាំងពេកហើយ ។
នាពេលបន្ទាប់មក លោក យុន (Yoon) បានធ្វើការសូមអភ័យទោសជាសាធារណៈចំពោះជាតិរបស់លោក ប៉ុន្តែលោកនៅតែព្យាយាមនិយាយការពារសកម្មភាពរបស់ខ្លួន ហើយថែមទាំងបដិសេធចំពោះការអំពាវនាវដែលសុំឱ្យលោកចុះចេញពីតំណែង ។
សរុបមក តុលាការធម្មនុញ្ញមានរយៈពេល ១៨០ ថ្ងៃដើម្បីសម្រេចចិត្ត ថាតើ គួរតែដកហូតតំណែងរបស់លោកយុន ឬក៏ច្រានចោលការចោទប្រកាន់ទាំងអម្បាលម៉ាន និងស្តារអំណាចរបស់លោកឡើងវិញ។ ក្នុងករណីដែល លោកយុន ត្រូវរបូតតំណែង ឬក៏លោកខ្លួនឯងសម្រេចលាលែងនោះ ព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតី ត្រូវតែធ្វើឡើងនៅក្នុងរយៈពេល ៦០ថ្ងៃ ។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង ចៅក្រមចំនួន ៦រូបក្នុងចំណោម ៩រូបនៃតុលាការធម្មនុញ្ញ ត្រូវតែយល់ព្រម ដើម្បីអាចបណ្តេញប្រធានាធិបតីយុន។ ទោះជាបែបណាក្ដី មុខតំណែងចៅក្រមចំនួន៣នៅក្នុងតុលាការធម្មនុញ្ញនៅទំនេរនៅឡើយ ដូច្នេះ មានន័យថា ចៅក្រមនៅសេសសល់ទាំង ៦រូបនាពេលបច្ចុប្បន្ន នឹងត្រូវបោះឆ្នោតជាឯកច្ឆ័ន ដើម្បីដកលោកយុន ចេញពីតំណែង ។
ជាបន្តបន្ទាប់មកទៀត រហូតមកដល់ថ្ងៃសុក្រ ទី៣ ខែមករា (ឆ្នាំ ២០២៥) នេះ អាជ្ញាធរកូរ៉េខាងត្បូង កំពុងតែអនុវត្តន៍នូវដីកាចាប់ខ្លួនប្រធានធិបតីយុន (Yoon) ដែលរងការចោទប្រកាន់ដោយរដ្ឋសភា។ ចំណាត់ការនេះ កើតមានឡើង ដំណាលគ្នានឹងការតវ៉ានៅខាងក្រៅលំនៅដ្ឋានរបស់លោកយុន ដោយកំពុងប្រឈមមុខជាមួយនឹងសមត្ថកិច្ច ហើយអ្នកតវ៉ាប្ដេជ្ញាថា នឹងរារាំងរាល់ចំណាត់ការប៉ុនប៉ងណាមួយពីសំណាក់អាជ្ញាធរ ក្នុងការចាប់ខ្លួនលោកយុន ។
តាមរយៈរូបភាពវីដេអូ ទទួលបានដោយទីភ្នាក់ងារ Reuters បានបង្ហាញថា រថយន្តដែលដឹកអាជ្ញាធរស៊ើបអង្កេត បានធ្វើដំណើរមកដល់ជិតលំនៅដ្ឋានរបស់ប្រធានាធិបតីយុន ។
អ្នកស្រុកដែលបានឃើញផ្ទាល់ភ្នែក បានបង្ហើបប្រាប់ទីភ្នាក់ងារ Reuters ថា មន្ត្រីមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ហៅកាត់ថា CIO ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមគ្នា រួមមានសមត្ថកិច្ច និងរដ្ឋអាជ្ញា បានមកដល់ម្តុំបរិវេណរបងរបស់លំនៅដ្ឋានលោកយុន ប៉ុន្តែរថយន្តរបស់ CIO មិនបានចូលទៅខាងក្នុងភ្លាមៗនោះទេ ហើយគេក៏មិនច្បាស់នោះដែរ ថាតើ ក្រុម CIO នឹងអាចអនុវត្តការចាប់ខ្លួនបានទេ ដោយសារតែការរារាំងដែលអាចកើតមានពីសំណាក់មន្ត្រីសន្តិសុខរបស់ប្រធានាធិបតី ដែលកាលពីមុន សន្តិសុខប្រធានាធិបតីបានរារាំងអ្នកស៊ើបអង្កេតម្តងរួចហើយ ពីការប៉ុនប៉ងចូលទៅកាន់លំនៅដ្ឋានប្រធានាធិបតី និងការិយាល័យផ្លូវការរបស់ប្រធានាធិបតី ដើម្បីស៊ើបអង្កេតនាពេលនោះ ។
ក្នុងពេលដំណាលគ្នា ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា មន្ត្រីនគរបាលប្រហែល ៣,០០០ នាក់បានដាក់ពង្រាយកម្លាំងសម្រាប់ត្រៀមចូលរួមប្រតិបត្តិការដែលអាចកើតមានឡើងណាមួយនាពេលខាងមុខ ។
ប្រសិនបើមានការចាប់ខ្លួនណាមួយ ត្រូវបានធ្វើឡើងចំពោះប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងកាន់អំណាច នោះវានឹងក្លាយជារឿងដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសនេះ។
ទន្ទឹមនឹងនោះ មេធាវីរបស់លោកយុន (Yoon) អះអាងថា ដីកាចាប់ខ្លួននេះមិនត្រឹមត្រូវនោះទេ ដោយអះអាងថា CIO មិនមានសិទ្ធិអំណាចផ្លូវច្បាប់ណាមួយ ក្នុងការស្នើសុំដីកាចាប់ខ្លួននៅក្រោមច្បាប់របស់កូរ៉េខាងត្បូងបានឡើយ ៕
Post a Comment