លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះប្រគល់ និងដាក់ឱ្យប្រេីប្រាស់នូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីចំនួន០៥ ក្នុងស្រុកកោះសូទិន
កំពង់ចាម÷នៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទី លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះទៅប្រគល់ និងដាក់ឱ្យប្រេីប្រាស់នូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មីចំនួន០៥ នៃអធិការដ្ឋាននគរបាល ស្រុកកោះសូទិន បានសាងសង់រួចជាស្ថាពរ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ ។
ក្នុងនោះរួមមាន អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន, មហាលាភ, ល្វេ, ពាមប្រធ្នោះ និងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប ដែលមានទំហំ ៩ម X ១១ម (ប្រភេទA) បានសាងសង់ដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានណែនាំដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លើការងារមួយចំនួនដូចជា:
១-បន្ដខិតខំ ផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ និងទាន់ពេលវេលា
២-បន្ដចុះល្បាតចល័តក្នុងភូមិសាស្រ្ដរបស់ខ្លួន ដើម្បីក្ដាប់បាននូវសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
៣-បន្ដជំរុញការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព
៤-រាល់ហេតុការណ៍កើតឡើង ត្រូវពន្លឿនការចុះដល់កន្លែងកើតហេតុ គ្រប់គ្រង់កន្លែងកើតហេតុ និងរាយការណ៍ឱ្យបានលឿនបំផុត
៥-ជំរុញការងារផ្ដល់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ-សៀវភៅគ្រួសារ គឺជាកត្តាអទិភាព
៦-ការសិក្សាស្រាវជ្រាវ ជាកត្តាចំបង ក្នុងការពង្រឹងសមត្ថភាពជំនាញ
៧-បង្កើនកត្តាសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ ។
ជាមួយគ្នានេះ ត្រូវមានការចូលរួមថែរក្សាអាគារថ្មី ដែលទើបទទួលបាននេះ រៀបចំបន្ថែមនូវ ឧបករណ៍សម្ភារៈបម្រើឱ្យការងាររដ្ឋបាល និងការរៀបចំ បដា ពាក្យស្លោក ពាក្យអប់រំ និងច្បាប់ ផ្សេងៗ ដើម្បីបន្ថែមនូវសោភ័ណភាព ឱ្យសាកសម និងស្របតាមទម្រង់លក្ខណៈជាអាគាររដ្ឋបាល ងាយស្រួលក្នុងការបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃ ផងដែរ ៕ ផ្សាយដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន ធីវី
Post a Comment