ខេត្តបន្ទាយមានជ័យ ៖ បច្ចុប្បន្ននេះ ក្រុមឈ្មួញ នៅតែ បន្តដឹកជញ្ជូន ទំនិញ គ្រប់ប្រភេទ មានដូចជា គ្រឿងទេស និង គ្រឿងភេសជ្ជៈ ឬទំនិញ ចាប់ហួយ ជាដើម ដោយដឹ ក ជញ្ជូន ដូចសត្វកណ្តៀរ យ៉ាងគគ្រឹកគគ្រេង ចេញពីប្រទេសថៃ ចូលកម្ពុជា នៅមិនទាន់ឃើញ កម្លាំងសមត្ថកិច្ច ឬ ស្ថាប័នពាក់ព័ន្ធ ធ្វើការទប់ស្កាត់នោះឡើយ។ ទីតាំងច្រករបៀងមួយនេះស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាប់ព្រំប្រទល់ភូមិអូរនាង ក្រុងប៉ោយប៉ែត) ។ នៅក្រោមការគ្រប់គ្រងដោយលោក សុគន្ធ រ័ត្ន ជាមេប៉ុស្តិ៍ និង លោក កែវ សារី ជា មេកងល្បាតទី៣ នៃកងការពារព្រំដែនលេខ ៥០៣ ដែលមានលោក រឿន សារិត ជាមេបញ្ជារការ ។
ប្រភពពីពលរដ្ឋ ដែលរស់នៅក្នុងភូមិសិលាខ្មែរ បានលួចបង្ហើបឲ្យសារព័ត៌មាន យើងដឹងថា នៅច្រករបៀងក្រោមការគ្រប់គ្រង ដោយ លោក សុគន្ធរ័ត្ន គឺ មានការឃុបឃិតជាមួយក្រុមឈ្មួញ នាំទំនិញគេចពន្ធ ពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា យ៉ាងភ្លូកទឹកភ្លូកដី ជារៀងរាល់ថ្ងៃ មិនថា ពេលយប់ ឬ ពេលថ្ងៃនោះឡើយ ។ ប្រភពដដែលបន្តថា ក្រុមឈ្មួញទាំងនោះ បានធ្វើការដឹកជញ្ជូន តាមរយៈ ម៉ូតូកង់បី រុឺម៉ក និង រថយន្ត ជាច្រើនប្រភេទ ដោយយកទៅស្តុបទុក និង ចែកចាយ ក្នុងភូមិសាស្ត្រ ក្នុងប៉ោយប៉ែត ។
បើយោងតាមសម្តី ពីសមត្ថកិច្ច ក្នុងមូលដ្ឋានម្នាក់ដែល មិនពេញចិត្ត នូវការលួចនាំទំនិញគេចពន្ធពីប្រទេសថៃចូលកម្ពុជា ទាំងនេះបានបង្ហើបឲ្យសារព័ត៌មានយើងដឹងផងដែរថា បច្ចុប្បន្នក្រុមឈ្មួញ ពេលចូលទៅយកទំនិញម្តងៗ គឺ ជិះតាមផ្លូវក្រវ៉ាត់ព្រំដែន តែពេលចេញពីប្រទេសថៃ មកវិញ ឆ្លងកាត់ច្រករបៀង(ស្ពានស្រុត)មួយនេះ គឺក្រុមឈ្មួញខ្លះ ដឹកជញ្ជូន ដោយឆ្លងកាត់តាមផ្លូវជាតិលេខ៥៨ និង ភូមិព្រៃគប់ ព្រមទាំង ក្រុមឈ្មួញខ្លះ ដឹកជញ្ជូន ទៅតាមផ្លូវ៥០ រួចចេញទៅតាមភូមិទួលពង្រ ដើម្បី ងាយស្រួល បន្លំ និង គេចពី មន្ត្រីជំនាញ ។
តាមការជាក់ស្តែង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន យើង បានទៅដល់គោលដៅច្រករបៀង ដែលក្រោមការគ្រប់គ្រងដោយ លោក សុគន្ធរ័ត្ន និង លោក កែវ សារី មេកងល្បាតទី៣ ពិតជា បានឃើញ ក្រុមឈ្មួញ កំពុង ដឹកជញ្ជូន ទំនិញគេចពន្ធ ពីប្រទេសថៃ ឆ្លងកាត់ច្រករបៀងមួយនេះ ចូល មកក្នុងប្រទេសកម្ពុជា ពិតប្រាកដមែន ដោយមាន មន្ត្រីជំនាញ ពាក់ពន្ធ័ ធ្វើការទប់ស្កាត់ ឬ ត្រួតពិនិត្យ គុណភាព ទំនិញទាំងនោះឡើយ ។ បន្ទាប់មកនៅរសៀល ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានយើងបានទៅដល់ចំនុចច្រករបៀងមួយនេះម្តងទៀត សង្កេតឃើញថា ក្រុមឈ្មួញ បានដឹកជញ្ជូន ដូចសត្វកណ្តៀរ ដដែល ដោយប្រើរូបភាពដឹកជញ្ជូន តាមរយៈកង់បី និង រថយន្ត រហូតដល់វេលាម៉ោង ៧:០៤នាទី យប់ថ្ងៃដដែល សារព័ត៌មានយើង បានឃើញរថយន្តមួយគ្រឿង ពុំមានផ្ទុកទំនិញនោះទេ ដូច្នេះ សារព័ត៌មានយើង ក៏មិនបានត្រៀមខ្លួន ថតរូបនោះដែរ ក៏ប៉ុន្តបែរជា រថយន្តមួយគ្រឿងនេះ មិនចាំម៉ាក តែរូបរាងដូចជារថយន្ត TOYOTA FORTUNER ពណ៌ ស ពាក់ស្លាកលេខ ខេមរភូមិន្ទ (មិនចាំលេខ) ខណៈកំពុង បើកបរចេញមកពីច្រករបៀងមួយនេះ លុះមកដល់ចុងផ្លូវបេតុង ជាប់ផ្លូវជាតិលេខ៥៨ ស្រាប់តែរថយន្ត មួយនេះ បានបន្ថែមសន្ទុះល្បឿន រួចងាកមកឆ្វេងសំដៅបំបុកក្រុមសារព័ត៌មានយើងខ្ញុំ តែសំណាងល្អ ក្រុមអ្នកសារព័ត៌មាន បានគេចផុត បន្ទាប់មករថយន្ត មួយនេះ បានបត់ឆ្វេង ឡើងលើផ្លូវជាតិលេខ៥៨ ទៅទិសដៅ ផ្សារសិលាខ្មែរ បាត់ស្រមោលភ្លាមៗ ។ ក្នុងហេតុការណ៍ រថយន្តជិះសំបុកក្រុមអ្នកសារព័ត៌មាន នេះ មិនបង្ករឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ សូម ស្ថាប័នពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ដាក់កម្លាំងស្រាវជ្រាវ រកបុគ្គល ដែលបើករថយន្តមួយនេះ និង ចាត់វិធានការផ្លូវតាមផ្លូវច្បាប់ ផងចុះ ដើម្បីបុគ្គល មួយនេះ យកតួនាទី ភារកិច្ច របស់ខ្លួន ឬ ជិះរថយន្ត ស្លាកលេខខេមរភូមិន្ទ ទៅអួតក្អេងក្អាង ឬបំពានទៅសិទ្ធិសេរីភាពរបស់ក្រុមអ្នកសារព័ត៌មាន ជាបន្តទៅទៀត ។
សូមរំលឹកថា នាពេលកន្លងទៅ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជារឲ្យ កងកម្លាំងទាំងអស់ នៅជួរមុខ នៃបន្ទាត់ព្រំដែន ត្រូវចូលរួម ដោយយកចិត្តទុកដាក់ ក្នុងការ បង្ការ បង្រ្កាប ទប់ស្កាត់ រាល់បទល្មើស គ្រប់ប្រភេទ ដូចជា ការជួញដូរអាវុធ ការជួញដូរអាភៀន ការជួញដូរ មនុស្ស និង ការជួញដូរ ទំនិញគេចពន្ធគ្រប់ប្រភេទ ដោយការបិទច្រករបៀងអោយអស់ មិនឲ្យមាននោះឡើយ។ តែបែរជា គេនៅតែសង្កេតឃើញថា ច្រករបៀង ចំនុចស្ពានស្រុត ក្នុងភូមិសាស្ត្រ ភូមិសិលាខ្មែរ ក្នុងឃុំអូរបីជាន់ ដែលគ្រប់គ្រងដោយលោក សុគន្ធរ័ត្ន ជានាយប៉ុស្តិ៍ និង ឋិតក្រោមការគ្រប់គ្រងដោយ លោក កែវ សារី មេកងល្បាតទី៣ នៃកងការពារព្រំដែនលេខ ៥០៣ បែរជា មហា ផ្គើន ជាមួយ បទបញ្ជារបស់ថ្នាក់ដឹកនាំ ទៅវិញ ។
អាស្រ័យហេតុនេះ សូម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញ ក.ប.ប ជាពិសេស ឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ មេត្តា ដាក់កម្លាំងស៊ើបអង្កេត និង ទប់ស្កាត់ ភាពមិនប្រក្រតីរបស់ លោក សុគន្ធរ័ត្ន និងលោក កែវ សារី ជាបន្ទាន់ផងចុះ ដើម្បី កាត់បន្ថយការខាតបង់ចំណូលពន្ធរដ្ឋ ជាពិសេសដើម្បីចូលរួមចំណែក ទប់ស្កាត់ រាល់ទំនិញ ដែលគ្មានគុណភាព នាំអោយមានផលប៉ះពាល់ដល់សុខភាព ឬ អាយុជីវិត ប្រជាពលរដ្ឋ ខ្មែរ៕
Post a Comment