អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ដែលបានលួចចូលមកធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊េីបអង្កេត និងបង្ក្រាបបទល្មេីស គ្រប់ប្រភេទឃាត់ខ្លួនកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ដែរថា ជនបរទេសខាងលេីត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនដែលធ្វើដំណើចូលមកព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដូចនេះសមត្ដកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវីធីធ្វេីការបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕
Post a Comment