អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧបនាយករដ្ឋមន្ត្រី ស សុខា៖ កម្ពុជាជាប្រទេសរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន - PMC-News

លោកឧបនាយករដ្ឋមន្ត្រី ស សុខា៖ កម្ពុជាជាប្រទេសរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជនបានពង្វក់ស្មារតីប្រជាពលរដ្ឋឱ្យឆ្កួតវង្វេង និងរងគ្រោះជាដើម។ ការលើកឡើងដូចនេះ ក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា កម្ពុជាក៏ជាប្រទេសមួយដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរ ចែកចាយគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម ដែលក្រុមឧក្រិដ្ឋជន បាននិងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួតវង្វេង និងរងគ្រោះផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ រហូតដល់មានរបួស ពិការ វិបល្លាសស្មារតី ឬបាត់បង់អាយុជីវិតថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្ដថា បញ្ហាភាពរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាជនកម្ពុជាដែលធ្វើទេសន្តរប្រវេសន៍នៅប្រទេសគោលដៅមួយចំនួន ជាពិសេស ក្នុងវិស័យនេសាទសមុទ្រ មិនទាន់ត្រូវអាចដោះស្រាយបាននៅឡើយផង ក៏មានប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ហូរចូលមកប្រទេសកម្ពុជា ទាំងដោយស្របច្បាប់ ទាំងមិនស្របច្បាប់ និងបានបង្កើតមូលដ្ឋានប្រព្រឹត្តបទល្មើសដោយសម្ងាត់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កប់នូវបទល្មើសពាក់ព័ន្ធដទៃទៀត រួមទាំងអំពើបង្ខិតបង្ខំដោយគម្រាមកំហែង កេងប្រវ័ញ្ច ជួញដូរ រំលោភបំពានលើរាងកាយ ផ្លូវភេទ ជាដើម និងអូសទាញឱ្យមានការចូលរួមក្នុងបណ្តាញបទល្មើសយ៉ាងច្រើនកុះករ ដោយមានទាំងជនល្មើស ទាំងជនរងគ្រោះ។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បន្ថែមថា សមត្ថកិច្ចកម្ពុជា ទទួលបានសេចក្តីរាយការណ៍ និងធ្វើប្រតិបត្តិការ បង្ក្រាប ទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ហើយបានសហការជាមួយស្ថានទូត ឬស្ថានតំណាង បេសកកម្មនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ។ យោងតាមរបាយការណ៍ របស់លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ អំពើជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ មិនបានថយចុះឡើយ ថែមទាំងបានកើនឡើង ដែលជារួម លទ្ធផលនៃការបង្ក្រាបបានដល់ ១៩៧ករណី គឺកើនចំនួន ៣៣ករណី ស្មើនឹង ២០.១៥% បើប្រៀបធៀបទៅនឹងលទ្ធផលនៃការបង្ក្រាបឆ្នាំ២០២៣។ សមត្ថកិច្ច បានកំណត់អត្តសញ្ញាណរកឃើញជនរងគ្រោះចំនួន ៥២៣នាក់ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៧៣នាក់ ក្នុងនោះមានជន បរទេស ៣០នាក់ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ មានការកើនឡើងនូវអំពើជួញដូរ ឬធ្វើអាជីវកម្មផ្លូវភេទ លើកុមារ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មានអនីតិជនរងគ្រោះអាយុក្រោម ១៨ឆ្នាំ រហូតដល់ទៅ ២៣០នាក់ ស្មើនឹង ៤៣.៩៧% នៃចំនួនជនរងគ្រោះសរុប៕





Theme images by Radius Images. Powered by Blogger.