កំពង់ធំ÷នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះ សំណាលសាកសួរសុខទុក្ខ ស្ដាប់របាយការណ៍អំពីសកម្មភាពការងារ និងប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលចំនួន២ នៅតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោក អ៉ី វិចអុល និងលោក ញឹម ចាន់ធី មន្ត្រីឧទ្យានុរៈនៃមន្ទីរបរិស្ថានខេត្ត និងជាប្រធានទីបញ្ជាការស្រាលតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ បានឡើងរាយការណ៍អំពីការអនុវត្តសកម្មភាពការងារ ក្នុងរយៈពេលកន្លងទៅ និងបានបញ្ជាក់អំពីចំណុចខ្លាំង បញ្ហាប្រឈម និងបានសំណូមពរបញ្ហាមួយចំនួន ដើម្បីបម្រើសកម្មភាពការងារការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំងពីរ ដែលប្រចាំការបំពេញភារកិច្ចបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រដែន ជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ក្នុងរយៈពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ដោយបានទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិបានឡើយ ។ ជាមួយនោះដែរ កងកម្លាំងចម្រុះទាំងអស់បានសហការ ក្នុងការយាមល្បាតការពារដីព្រៃ ដែលបានរកឃើញ និងដកហូតបានពីក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ធ្វើការគ្រប់គ្រង មិនឱ្យមានការបាត់បង់ទៅវិញ នឹងបានស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទមើល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំង២ ទីបញ្ជាការស្រាល ត្រូវបន្តសកម្មភាពដោយគ្មានការដកថយឡើយ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព ដាច់ខាតមិនឱ្យមានការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ទនៈ រួមមានអង្ករចំនួន ២០០ គីឡូក្រាម មីជាតិចំនួន ១០ កេស ត្រីខកំប៉ុងចំនួន១០ យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន ១២ យួរ និងប្រេងសាំង ចំនួន ៤០០ លីត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនកងកម្លាំងចម្រុះទាំង២ ទីបញ្ជាការស្រាល ដើម្បីបន្តសកម្មភាពឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕
អត្ថបទដោយសំនៀង អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែនtv
Post a Comment