អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មនុស្សប្រុសស្រីចំនួន ២០នាក់បានរងរបួស ធ្ងន់ ស្រាល ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ជ្រោះ នៅខ្នងភ្នំគិរីរម្យ - PMC-News

មនុស្សប្រុសស្រីចំនួន ២០នាក់បានរងរបួស ធ្ងន់ ស្រាល ក្នុងហេតុការណ៍រថយន្តមួយគ្រឿង ដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ជ្រោះ នៅខ្នងភ្នំគិរីរម្យ

 កំពង់ស្ពឺ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រីចំនួន២០នាក់បានរងរបួសធ្ងន់ស្រាល  គ្រាដែលរថយន្តក្រុង៤៥កៅអីដឹកអ្នកដំណើរមួយគ្រឿង  បានក្រឡាប់ធ្លាក់ជ្រោះ។ 


ហេតុការណ៍នេះកើតឡើងនៅចំនុចផ្លូវចំណោត  ក្បែររមណីយដ្ឋានវិរៈប៊ុនថាំ(ខ្នងភ្នំគិរីរម្យ)ស្ថិតក្នុងភូមិថ្មី  ឃុំចំបក់  ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

លោក អ៊ុ ដេត អភិបាលរងស្រុកភ្នំស្រួច បានឱ្យដឹងថា ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះ  គឺបណ្តាលឱ្យមនុស្សយ៉ាងតិច១០នាក់បានរងរបួសធ្ងន់និង១០នាក់ទៀតរងរបួសស្រាល។ 

ក្រោយកើតហេតុរថយន្តរបស់ក្រុមហ៊ុនវិរៈប៊ុនថាំបានដឹកអ្នករបួសធ្ងន់ចំនួន១០នាក់ 

យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង  និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។

លោក អ៊ុ ដេត អភិបាលរងស្រុក បានបញ្ជាក់បន្ថែមថា ចំពោះជនរងគ្រោះគឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញបានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើ  មកលេងជាក្រុមនៅលើខ្នងភ្នំគិរីរម្យ  ហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវិរៈប៊ុនថាំដែលទើបស្ថាបនារួចរាល់ថ្មី  ក្រោយមកក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។

ជុំវិញហេតុការណ៍គ្រោះថ្នាក់នេះ  សមត្ថកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងថា ករណីក្រឡាប់ធ្លាក់រថយន្តចូលជ្រោះនេះគឺផ្តើមចេញពីការដាច់ហ្រ្វាំងពេលរថយន្តចុះចំណោតខ្លាំង។ 

ទន្ទឹមនេះសមត្ថកិច្ច  ក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាយដែលមានបំណងចង់មកលេងនៅលើខ្នងភ្នំគិរីរម្យ  សូមឱ្យពិនិត្យបច្ចេកទេសយានយន្តឱ្យបានល្អ  និងមានសុវត្ថិភាពចៀសវាងជួបឧបទ្ទវហេតុគ្រោះថ្នាក់ដូចករណីរថយន្តខាងលើ៕


Theme images by Radius Images. Powered by Blogger.