លោក រ៉េន រតនៈ ប្រដូចទស្សនកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត ថាជាការផ្ដល់ថាមពលថ្មីដល់ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមដឹកនាំកិច្ចប្រជុំ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ។
លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តម អភិសន្តិបណ្ឌិត បានប្រដូចទស្សនកិច្ចនេះថា ជាការផ្ដល់នូវថាមពលថ្មីមួយបន្ថែមទៀតសម្រាប់ការអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាងរួមទាំងមនុស្សជាតិ ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល ស្មុគស្មាញ ពិបាកប៉ាន់ស្មាន ទាំងភូមិសាស្រ្តនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម ភាពផុយស្រួយនៃសន្តិភាព និងការគំរាមកំហែងឥតឈប់ឈរបង្កឡើងដោយក្រុមឧក្រិដ្ឋជនមានខ្សែបណ្ដាញជាអន្តរជាតិ។ លទ្ធផលទស្សនៈកិច្ចនេះ ត្រូវបានលោក រ៉េន រតនៈ បញ្ជាក់ជូនដូចខាងក្រោម៖
ក្នុងក្របខណ្ឌជំនួបទ្វេភាគី និងកិច្ចប្រជុំរួមរវាងក្រសួងទាំងពីរ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ បានពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានលើប្រធានបទពាក់ព័ន្ធនឹងស្នាដៃការងារសំខាន់ៗនៃស្ថាប័ន និងភាពរីកចម្រើននៃប្រទេសទាំងពីរ ការងារសន្តិសុខ ជាអាទិ៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស និងសភាពការណ៍ទូទៅតាមខ្សែបន្ទាត់ព្រំដែន។
ដោយឡែក កិច្ចប្រជុំពេញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ភាគីទាំងពីរបានបង្ហាញអំណរសាទរចំពោះលទ្ធផលដំណើរទស្សនកិច្ច និងកិច្ចប្រជុំផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ ឯកឧត្តម បណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ និងផ្លែផ្កានៃកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងច័ន្ទន៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ ភាគីទាំងពីរបានបង្ហាញការកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធគ្រប់កម្រិត ជាពិសេសរដ្ឋបាលខេត្តជាប់ព្រំដែនដែលបាន សហ ការគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរួមគ្នាដោះស្រាយបាតុភាពផ្សេងៗ ប្រកបដោយស្មារតីយោគយល់ រួមចំណែកពង្រឹងទំនាក់ទំនងក្នុងនាមជាប្រទេសភូមិផងឱ្យកាន់តែប្រសើរជាលំដាប់។ យ៉ាងណាក៏ដោយ ក្នុងឆ្នាំកន្លងទៅ ភាគីទាំងពីរ ក៏កត់ សម្គាល់អំពីចំណុចព្រមព្រៀងមួយចំនួនដែលពុំទាន់បានអនុវត្តពេញលេញ ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចដកស្រង់បទពិសោធរបស់បណ្ដាអង្គភាពជំនាញ កិច្ចប្រជុំប្ដូរវេនរបស់រដ្ឋបាលខេត្តជាប់ព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាដើម»។
ជាមួយនឹងការបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត និង ឯកឧត្តម នាយឧត្តមសេនីយ៍ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សា សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ដុះបណ្ដាល។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំដូចគ្នានៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របនា ឆ្នាំ២០២៦ ផងដែរ។
ជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ៖ ឯកឧត្តម អភិសន្តិបណ្ឌិត បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្រ្តី នូវសេចក្ដីផ្ញើសុខទុក្ខប្រកបដោយការនឹករលឹកខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងបានចូលរួមអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជនឡាវ ដែលបានដឹកនាំ និងរៀបចំដោយជោគជ័យ កិច្ចប្រជុំប្ដូរវេនអាស៊ានកាលពីខែធ្នូ ឆ្នាំ២០២៤ និងការសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រី ជាពិសេសការស្ដារសេដ្ឋកិច្ច និងលើកកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន។
ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្តម នាយករដ្ឋមន្រ្តី នូវការគាំទ្រប្រកបដោយភាពជឿជាក់ចំពោះលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ឈរលើស្មារតីមិត្តភាព និងសាមគ្គីភាព ក្នុងបុព្វហេតុរួមនៃសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ តាមស្មារតី នៃ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។ ភ្ជាប់នឹងការជម្រាបជូនដោយសង្ខេបអំពីលទ្ធផល នៃជំនួបទ្វេភាគី និងកិច្ចប្រជុំពេញអង្គ ឯកឧត្តម អភិសន្តិបណ្ឌិត បានស្នើសុំ ឯកឧត្តម នាយករដ្ឋមន្ត្រី ផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យផងដែរ។
ជាការឆ្លើយតប ឯកឧត្តម សន សៃស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកោតសរសើរប្រកបដោយការលើកទឹកចិត្ត ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានដឹកនាំក្រសួងមហាផ្ទៃយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនារបស់ សម្ដេចធិបតី សម្រេចបានមសិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក្នុងឆ្នាំ២០២៤ និងបង្ហាញការជឿជាក់ថាស្ថាប័នទាំងពីរនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការដូចមានក្នុងកំណត់ហេតុឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដូចផ្ដើមសិក្សាបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តរតនគិរី និងបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត ខិតខំពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានជិតស្និទ្ធ លើការងារថែរក្សាសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសការទប់ស្កាត់បទល្មើស និងខិតខំបង្កលក្ខណៈឱ្យបានកាន់តែប្រសើរឡើងថែមទៀតលើការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
ទស្សនកិច្ចសារមន្ទីរសិល្បៈឡាវ តំបន់ថាង៉ន៖ ក្នុងឱកាសបំពេញទស្សនកិច្ចនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណប្រតិភូអញ្ជើញទស្សនាសារមន្ទីរសិល្បៈឡាវ តំបន់ថាង៉ន ដែលទើបសម្ពោធបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍នៅដើមឆ្នាំ២០២៥នេះ។ សារមន្ទីរនេះ សាងសង់ឡើងដោយអ្នកជំនាញនិងកម្មករជនជាតិឡាវសុទ្ធសាធប្រមាណ១០០០នាក់ រយៈពេល៧ឆ្នាំក្នុងតម្លៃសំណង់សរុបជាង៥០លានុដុល្លាអាមេរិក។ ក្នុងរយៈពេល៣ខែដំបូងនេះ មានភ្ញៀវទេសចរណ៍ប្រមាណ៣០ម៉ឺននាក់ហើយបានមកទស្សនាសារមន្ទីរនេះ។
ភាពលេចធ្លោដ៏អស្ចារ្យនៃសារមន្ទីរនេះ ទាំងសំណង់ និងគ្រឿងតាំងបង្ហាញ បានរៀបចំឡើងដោយយកលំនាំបញ្ចូលគ្នារវាងសិល្បៈនិងវប្បធម៌នៃជាតិនិងប្រជាជនឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា ដោយផ្ដោតលើព្រះពុទ្ធសាសនា។ បដិមាសិល្បៈទាំងអស់ ត្រូវបានឆ្លើចេញពីឈើ រួមទាំងគល់ និងឬស្ស ដែលបានប្រមូលទិញពីអ្នកស្រុក ខ្លះកប់ក្នុងដី និងទឹកច្រើនឆ្នាំ។ ចំណែកវត្ថុសិល្បៈផ្សេងទៀត គឺសារមន្ទីរនេះទទួលបានពីការប្រគល់ និងផ្ញើទុកពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការជឿជាក់ថាសារៈមន្ទីរនេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមទាំងសម្រាប់ប្រជាជនឡាវ ទេសចរណ៍អាស៊ានរួមទាំងកម្ពុជា និងជុំវិញពីភពលោក។
ជារួមទស្សនកិច្ចរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដូចបានសង្ខេបជូនមកនេះ ពិតជានឹងផ្ដល់នូវថាមពលថ្មីបន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវឱ្យ
សម្រេចបានជោគជ័យ ដើម្បីនាំមកនូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា–ឡាវ ស្របតាមមាគ៌ាដឹកនាំនិងការឯកភាពគ្នាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕







Post a Comment