អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតអនុប្រធានមន្ទីរផែនការ ខេត្តកំពង់ធំ - PMC-News

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតអនុប្រធានមន្ទីរផែនការ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីទៅគោរពវិញ្ញាណក្ខន្ធសពលោក ជូ ប៊ុនរ៉ី អតីតអនុប្រធានមន្ទីរផែនការខេត្តកំពង់ធំ ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ៦កើត ខែផល្លុន ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៥:០០នាទីល្ងាច ក្នុងជន្មាយុ៦៦ឆ្នាំដោយរោគាពាធ ដែលពិធីនេះប្រព្រឹត្តទៅនៅគេហដ្ឋាន នៃសពស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោក ជូ ប៊ុនរ៉ី ធ្លាប់ជាអនុប្រធានមន្ទីរ និងជាអនុប្រធានកម្លាំងស្វ័យការពាររបស់មន្ទីរផែនការ ខេត្តកំពង់ធំ ក្នុងទសវត្សរ៍ទី៨០និងទី៩០ ហើយជាមន្ត្រីដែលមានគុណធម៌ ជាយុទ្ធមិត្តរួមការងារដ៏ល្អ និងក្លាហានក្នុងភារកិច្ចការសហការជាមួយអង្គភាពយោធាខេត្តកំពង់ធំ ចូលរួមចំណែកការពារខ្សែត្រៀមដែលជាខ្សែក្រវ៉ាត់ទីរួមខេត្ត​ ដើម្បីទប់ស្កាត់ការវាយចូលទីរួមខេត្តកំពង់ធំ ដោយកម្លាំងក្រុមខ្មែរក្រហម និងសម្ព័ន្ធមិត្តក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះការបាត់បង់ លោក ជូ ប៊ុនរ៉ី ដែលជាអតីតមន្ត្រី និងជាធនធានមនុស្សដ៏ល្អ​ មាន​សមត្ថភាព​និង​មាន​គុណធម៍​ របស់ខេត្តកំពង់ធំ និងបានសូមបួងសួងឲ្យវិញ្ញាណក្ខន្ធគាត់បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។​ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​សហការី​ ក៏បានសំណេះសំណាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងបានចូលរួមឧបត្ថម្ភ ថវិកាមួយចំនួន ក្នុងពិធីបុណ្យសពនេះផងដែរ ព្រមទាំងបានសូមជូនពរដល់ក្រុមគ្រួសារសពសូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ផ្សាយដោយអង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.