«៤ខែហើយម៉ាក់! សូមម៉ាក់មកមើលកូនផង...»៖ ប្រើថ្នាំរហូតជ្រុលខ្លួនវាយម្ដាយ យុវជនជាប់ឃុំម្នាក់ លាតត្រដាងជីវិតកប់ក្នុងវប្បដិសារី!
ធ្លាប់តែកូនស្ដាប់បង្គាប់ឪពុកម្ដាយ យុវជនវ័យ១៧ឆ្នាំម្នាក់រស់នៅសង្កាត់ឬស្សីកែវ បានចែករំលែកបទពិសោធដ៏អាក្រក់មួយរបស់ខ្លួន ដែលប្រើប្រាស់គ្រឿងញៀន និងបង្កអំពើហិង្សាលើម្ដាយខ្លួនឯង។រៀបរាប់ ប្រាប់មន្រ្តីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) យុវជនសម្បុរខ្មៅ ភ្នែកលឿងបន្តិច បានរម្លឹកថា ខ្លួនបានដើរលេងជាមួយពីមិត្តរួមការងារ ហើយក៏នាំគ្នាប្រើប្រាស់គ្រឿងញៀន ដោយសារចង់សាក ចង់ដឹង និងនិយមតាមបនភឿនដែលអះអាងថាវានាំឱ្យមានអារម្មណ៍សប្បាយ។
ចូលអន្ទាក់គ្រឿងញៀនបាន៣ខែ យុវជនរូបនេះ អះអាងថាខ្លួន ហាក់ភ្ញាក់រលឹក ក៏បានលាលែងពីកន្លែងការងារ ដើម្បីគេចពីបនភឿន មករស់នៅជាមួយម្ដាយ ប៉ុន្តែការចាកឆ្ងាយពីគ្រឿងញៀន បានធ្វើឱ្យខ្លួននៅមិនសុខ ចេះតែខឹង មួរម៉ៅ និងបានអះអាងទៀតថា «នរណាមើលមុខ នរណានិយាយច្រើន ដាក់ខ្ញុំក៏បានដែរ»។ ពាក់អាវពណ៌ទឹកក្រូច អង្គុយនិយាយទាំងមានមន្រ្តីពន្ធនាគារឈរតាមដានសកម្មភាពក្នុងបទសម្ភាស យុវជនរូបនេះ បានអះអាងថា ដើមហេតុនាំឱ្យមានការប្រើប្រាស់អំពើហិង្សាលើម្ដាយ គឺដោយសារតែម្ដាយនិយាយរអ៊ូរទាំ ប្រើប្រាស់ពាក្យសម្ដីជេរប្រមាទមកលើខ្លួន និងហាមឃាត់កុំដើរលេងដាច់យប់ជាមួយមិត្តភក្តិដោយខ្លាចនាំឱ្យប្រើប្រាស់គ្រឿងញៀនទៀត។ «វាពិតជាអាក្រកណាស់» យុវជនលាត់មាត់ស្ដីបន្ទោសខ្លួនឯង ដោយបន្តទៀតថា «នៅពេលឮបែបនោះ គឺខ្ញុំដឹងតែពីខឹង......ក៏ឈានទៅវាយតប់ និងច្រានគាត់ឱ្យដួល....»។ គឺសកម្មភាពក្រោមអំណាចគ្រឿងញៀននេះហើយដែលយុវជនរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ មុននឹងមកស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារPJ។ រៀបរាប់ទាំងអស់សង្ឃឹម លាយឡំនឹងទឹកភ្នែក យុវជនដដែល បានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងខ្លួនមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំង និងកាន់តែមានវិប្បដិសារីជាខ្លាំងលើសកម្មភាពរបស់ខ្លួន ហើយប៉ុន្មានខែមកនេះ ខ្លួនគ្មានសាច់ញាតិណាម្នាក់មកសួរសុខទុក្ខនោះទេ។ នៅពេលសួរថាចង់ឱ្យម្ដាយមកមើលទេ? យុវជនរូបនេះបានទម្លាក់ទឹកមុខចុះ ហើយបែរមុខចេញដោយយកដៃជូតទឹកភ្នែក។ តាមរយៈបទសម្ភាសជាមួយក្រុមការងារ យុវជនរូបនោះបានបង្ហាញពីក្ដីសង្ឃឹមថា«កុំធ្វើដូចខ្ញុំអី! ខ្ញុំខំគេចពីវាហើយតែវានៅតាមធ្វើបាបខ្ញុំ រហូតខ្ញុំមានទោសព្រោះវាយម្ដាយ។ ដកខ្លូនទៅ ពីគ្រឿងញៀន វាអាក្រក់ណាស់....ឥឡូវ ខ្ញុំជាប់ឃុំអស់រយៈពេល៤ខែហើយ ពុំមានអ្នកណាមកសួរសុខទុក្ខខ្ញុំទេ។ ខ្ញុំពិតជាខុសធ្ងន់ដែលលើកដៃវាយម៉ាក់ដូច្នេះ! ម៉ាក់! បើម៉ាក់បានអាន ឬឃើញវីដេអូនេះ សូមម៉ាក់មកមើលខ្ញុំផង កូនដឹងកំហុសហើយ...»៕ សូមរង់ចាំទស្សនាកិច្ចសម្ភាសពិសេសរវាងក្រុមមន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងយុវជនខាងលើដែលនឹងចេញផ្សាយឆាប់ៗនេះ...! កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
Post a Comment