សមាគមសារព័ត៌មានឯករាជ្យ IPA រៀបចំសន្និបាតបូកសរុបការងារ២០២៤ និងលើកទិសដៅ២០៥ មានអ្នកចូលរួមជាង៥០០អង្គ/នាក់
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានរៀបចំ សន្និបាតបូកសរុបលទ្ធផលឆ្នាំ ២០២៤ និងកំណត់ទិសដៅឆ្នាំ ២០២៥ នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ នៅថ្ងៃទី ៣០ ខែមីនា ២០២៥ ។ កម្មវិធីនេះមានអ្នកចូលរួមយ៉ាងហោច ៥០០ អង្គ/នាក់ ដែលរួមមាន ចាងហ្វាង និពន្ធនាយក អ្នកសារព័ត៌មានរួមទាំងសមាជិក IPA និងក្រុមហ៊ុនបណ្ដាជាដៃគូរបស់សារព័ត៌មានIPA សរុបជាង៥០០អង្គ/នាក់។
ពិធីបើកអង្គសន្និបាតនឹងប្រារព្វឡើងក្រោមអធិបតីភាព លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសារព័ត៌មានឯករាជ្យ។
លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ IPA បានថ្លែងនៅក្នុងពិធីបើកថា គោលបំណងសំខាន់របស់អង្គសន្និបាតរយៈពេល១ថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបាន, កំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនិងការ ដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ ២០២៥។
លោក ឡុង ឆ័យណាវ បានលើកឡើងបន្ថែមទៀតថា សន្និបាតនេះក៏បានផ្តោតលើការលើកកម្ពស់វិជ្ជាជីវៈ សមត្ថភាព និងសាមគ្គីភាពក្នុងសមាគម ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីសង្គម។
លោកបណ្ឌិត ទូច វណ្ណ: ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានប្រសាសន៍ថា របៀបវារៈនៃអង្គសន្និបាតបានផ្ដោតលើ:
១. ពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤
២. ប្រកាសបទបញ្ជាផ្ទៃក្នុងរបស់សមាគម
៣. ពិនិត្យ និងអនុម័តផែនការសកម្មភាពឆ្នាំ ២០២៥
៤. បទអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងសមាជិកសមាគម
លោកបណ្ឌិត ទូច វណ្ណៈ បានបន្ថែមទៀតថា របៀបវារៈនៃអង្គសន្និបាតក៏បានផ្ដោតលើប្រធានបទ២សំខាន់ដែរ គឺប្រធានបទទី១ ស្ដីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងប្រធានបទទី២ ការឈ្វេងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។
សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបង្កើតឡើងដោយក្រុមយុវជនខ្មែរ ដែលមានអាជីពជាអ្នកសារព័ត៌មាន ជាអ្នកស្រឡាញ់វិស័យព័ត៌មាន និងការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ និងការអភិវឌ្ឍនធនធានមនុស្ស។ សមាគមត្រូវបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃលេខ ១០៩៥ ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងលិខិតអនុញ្ញាតឱ្យធ្វើសកម្មភាពលើវិស័យសារព័ត៌មានរបស់ក្រសួងព័ត៌មានលេខ ០០៥ ព.ស. ល.អ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
បច្ចុប្បន្នសមាគមសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មានជាសមាជិកសរុបចំនួន៦២អង្គភាព និងមានក្រុមហ៊ុនវាសហគ្រាស គ្រឹះស្ថានសិក្សាជាដៃគូ សរុបចំនួន២៤ស្ថាប័ន។ សាមាគមសារព័ត៌មានឯករាជ្យរាប់ចាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកាថ្នាក់កណ្ដាល និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៅថ្នាក់រាជធានី ខេត្តទាំង១០ សរុបជិត ៣,០០០នាក់៕
Post a Comment