លោកមេឃុំពាម លេងខូចបំពានលើច្បាប់រដ្ឋបាលរំលោភសេចក្តីទុកចិត្ត មិនអនុវត្តលទ្ធផលបោះឆ្នោតជ្រើសរើសមេភូមិថ្មីអ្នកទទួលបានសម្លេងគាំទ្រច្រើនមិនបានធ្វើមេភូមិ
កំពង់ឆ្នាំង៖ យោងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ មកកាន់បណ្តាញសារព័ត៌មានយើង និងបានភា្ជប់ឯកសាររដ្ឋបាលមួយចំនួន ដែលពាក់ព័ន្ធ ជួយផ្សព្វផ្សាយជា សាធារ ណៈ ដើម្បីជ្រាបដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ក្នុងករណី លោក គង់ ថន មេឃុំពាម ដែលបំពានលើច្បាប់រដ្ឋបាល រំលោភសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ ។
យោងតាមពាក្យបណ្តឹង ដែលអង្គភាពសារព័ត៌មានទទួលបានដែលមានខ្លឹមសារដូចខាងក្រោម៖
យើងខ្ញុំជាប្រជារាលរដ្ឋរស់នៅក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សូមគោរពជូនលោកអភិបាលនៃគណៈអភិបាលស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយក្តីគោរព
កម្មវត្ថុ : សុំប្តឹង លោកមេឃុំ ពាម និងបក្សពួក ដែលរំលោភលើលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសមេភូមិ
យោង : លើលទ្ធផលបោះឆ្នោតជ្រើសរើសមេភូមិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០ នាទីព្រឹក
– យោងកិច្ចសន្យារដ្ឋបាលឃុំពាមលេខ០០៦/២៥ ចុះថ្ងៃ២០ ខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលឃុំពាមស្តីពីការ តែងតាំង មេភូមិសុខសែនជ័យ នៅក្នុងឃុំពាម។
– កិច្ចសន្យាបម្រើការងារ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។
យើងខ្ញុំជាប្រជាពលរដ្ឋសូមគោរពជម្រាបជូនលោកអភិបាលនៃគណៈអភិបាលស្រុក មេត្តាទានជ្រាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៩.៣០ព្រឹកមានការរៀបចំឆ្នោត ជ្រើសរើស មេភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សមាសភាពចូលរួម លោកប្រធានរដ្ឋបាលស្រុកសាមគ្គីមានជ័យ ជាតំណាង លោកអភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ លោកប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ និងប្រជាពលរដ្ឋ ប្រមាណមួយរយជាងនាក់ ក្នុងចំណោមនោះក៏មានឈ្មោះ លោក ទេព ម៉ឺន ជាអតីតអនុភូមិ បានប្រកាសដកខ្លួនចេញពីការបោះឆ្នោត ជ្រើសរើសមេភូមិ មិនឈរឈ្មោះឱ្យប្រជា ពលរដ្ឋបោះឆ្នោតទេ ដោយសូមរក្សាការងាររបស់ខ្លួនជាអនុភូមិដដែល នៅចំពោះមុខអង្គបោះឆ្នោត ដូច្នេះហើយទើប លោកមេឃុំ គង់ ថន ចាប់ផ្តើមប្រកាស សមាសភាព ឬបេក្ខភាព ឈរឈ្មោះ ជាមេភូមិថ្មី មានលោក សេង ស៊ិន លោក វ៉ន ជា លោក ម៉ែន សេម លោក យូ គុន្ធា និងលោក អ៊ឹង ជឹម ត្រូវបានជ្រើសរើស និង បោះឆ្នោតដោយប្រជាពលរដ្ឋ តាម ច្បាប់និងលក្ខន្តិកលទ្ធផលទទួលបាន គឺ៖
១. លោក សេង ស៊ីន មានការគាំទ្រ ៥១ សម្លេង
២. លោក វ៉ន ជា មានការគំទ្រ ៤០ សម្លេង
៣. លោក ម៉ែន សេម មានការគាំទ្រ ២៩ សម្លេង
៤. លោក យូ គុន្ធា មានការគាំទ្រ ២ សម្លេង
៥. លោក អ៊ឹង ជឹម មានការគាំទ្រ ២ សម្លេង
ផ្ទុយទៅវិញលទ្ធផលនេះ លោកមេឃុំមិនបានយកមកអនុវត្ត និងផ្តល់ យុត្តិធម៌ជូនបេក្ខជន ដែលទទួលបានជាមេភូមិតាមការបោះឆ្នោតឡើយ។
លោកមេឃុំ បានឃុបគិតគ្នាជាប្រព័ន្ធ ផ្តល់តួនាទីមេភូមិទៅឱ្យលោកទេព ម៉ឺន ដែលជាអតីត អនុភូមិ ដែលសុំដកខ្លួនចេញ មិនឈរឈ្មោះ បោះឆ្នោតជ្រើសរើសមេភូមិទៅវិញ ហើយបានដាក់គំនាបអ្នកបានជាប់ឆ្នោត ឲ្យប្រគល់តួនាទីមេភូមិទៅអ្នកសុំដកខ្លួនចេញពីការជ្រើស ខុសពីឆន្ទះរបស់ម្ចាស់ឆ្នោត។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម លោកអភិបាលនៃគណៈអភិបាលស្រុក មេត្តាជ្រាប និងសូមលោកអភិបាលជួយអន្តរាគមន៍ ដោយក្តីអនុគ្រោះ។
សូម លោកអភិបាលនៃគណៈអភិបាលស្រុក មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំ ។
អង្គភាពអ្នកសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកគង់ ថន មេឃុំពាម តាមរយ:ទូរស័ព្ទលេខ ០១២ ៦៧៣០៧៩ ដើម្បី សូមការបំភ្លឺ ខលចូលលោកបានលើកទូរស័ព្ទ ហើយបានប្រាប់ថា កំពុងតែហូបបាយហើយក៏បិទទៅវិញ ។
អង្គភាពអ្នកសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកអភិបាលស្រុក សាមគ្គីមានជ័យ លោកអភិបាលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា រឿងនេះមានតែលោកមេឃុំទេ ដែលអាចបកស្រាយបាន ។
ពាក្យបណ្តឹងចំនួនបីឈុត ដែលប្រជាពលរដ្ឋត្រៀមសូមកិច្ច អន្តរាគមន៍នោះមាន
(១) ពាក្យបណ្តឹងជូនលោកអភិបាលនៃគណៈអភិបាល សាមគ្គីមានជ័យ ។
(២)ពាក្យបណ្តឹងជូនឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
(៣)ពាក្យបណ្តឹងជូន ឯកឧត្តមអភិសន្តិ បណ្ឌឹត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋ តាមរយៈ អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមមេត្តា ចុះអធិការកិច្ចនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋ តាមរយៈ អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ដល់ឯកឧត្តមអភិសន្តិ បណ្ឌឹត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះអន្តរាគមន៍យោងតាមសំណើររបស់ប្រជាពលរដ្ឋដោយក្តីអនុគ្រោះ។
អ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិង សូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌ មាន។
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន និងដាក់ផ្សាយបញ្ជ្រាបដំណឹងដល់ថ្នាក់ដឹកនាំ៕
Post a Comment