នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបពិភាក្សាការងារជាមួយឯកឧត្តម អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក មុនពេលចូលរួមបើកកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកលើកទី៧ ដើម្បីត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩។
ក្នុងជំនួបទ្វេភាគីនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកជាមួយ ឯកឧត្តម រ៉ូប៊ែរតូ អាហ្សវ៉េដូ (Roberto Azevêdo ) អគ្គនាយក អង្គការពាណិជ្ជកម្មពិភពលោកនាព្រឹកថ្ងៃទី៣កក្កដានេះ ឯកឧត្តមអគ្គនាក បានស្វាគមន៍ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាប្រទេសកម្ពុជា ដែលបានធ្វើវិភាគទាន ដល់ដោយអង្គការពាណិជ្ជកម្មពិភព លោកជាពិសេសក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួល ជាប្រទេសដែល មានការអភិវឌ្ឍន៏តិចតួចក្នុងឆ្នាំ២០១៧។
ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជា ក្នុងការ ទទួលបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាពិសេស កំណើនសេដ្ឋកិច្ចដែលមាន៧%ជារៀងរាល់ឆ្នាំក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ ហើយជាពិសេស ទៀត នោះ ឯកឧត្តម បានគូសបញ្ជាក់ថា អ្វីដែលពាក់ព័ន្ធនឹង ការចូលរួមរបស់កម្ពុជា គឺការចូលរួមក្នុងការធ្វើពាណិជ្ជកម្ម ពហុភាគី ក្នុងកម្រិតអន្តរជាតិ។ កម្ពុជាទទួលបានក្នុងក្របខណ្ឌ ជំនួយសម្រាប់ពាណិជ្ជកម្ម គឺកម្ពុជាបានទទួលដោយ ជោគ ជ័យទ្វេដងនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការធ្វើការជាមួយប្រទេសដៃគូ នឹងកម្មវិធី ផ្សេងៗ នៅក្នុងតំបន់រួមទាំងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមបានគូសបញ្ជាក់ថាការចូលរួមពីប្រទេសកម្ពុជាគឺមានសារៈសំខាន់ហើយទទួលបានជោគជ័យ។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរអំពីការដែលកម្ពុជាបានជួយសម្របសម្រួលដល់ការវិនិយោគនិងការចូលរួមដល់ ផ្នែកអេឡិចត្រូនិចពាណិជ្ជកម្ម ហើយពាក់ព័ន្ធដល់ផ្នែកផ្សេងទៀតដូចជាបញ្ហាអង្ករដែលកម្ពុជាមានការបារម្ភនោះ ឯកឧត្តម ធ្លាប់បាន លើកអំពីបញ្ហានេះជាមួយនឹងអង្គការសភាអឺរ៉ុបរួចមកហើយ។ ឯកឧត្តមសង្ឃឹមថាកម្ពុជានឹងបន្តវិនិយោគចូលរួមក្នុងប្រព័ន្ធពហុភាគីជាពិសេសដូចជាអង្គការពាណិជ្ជកម្មពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះឯកឧត្តម អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសក្នុងការទទួលសម្ដេចនៅលើកនេះក៏ដូចនៅឆ្នាំ ២០១៨ កន្លងទៅហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ថានេះគឺជាកិត្តិយសរបស់កម្ពុជាហើយដែលកម្ពុជាបានចូលរួមនៅក្នុងកម្មវិធីរួមទាំងការពិនិត្យមើលឡើងវិញនៃជំនួយសម្រាប់ពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជា អាចរៀន និងពិនិត្យឡើងវិញអំពីបទពិសោធន៍និងចែករំលែកបទពិសោជន៍ជាមួយប្រទេសដទៃទៀតផងដែរ។ សម្ដេចបានគូសបញ្ជាក់ថាសម្ដេចមិនដែលមានជំនឿទៅលើភាពឯកោនោះទេហើយភាពឯកោនោះមិនអាចជួយយើងបានឡើយ។
សម្ដេចបានគូសបញ្ជាក់អំពីការធ្វើសមាហរណកម្មរបស់កម្ពុជាជាពិសេសនៅក្នុងក្របខណ្ឌតំបន់និងពិភពលោកដោយសម្ដេចបានមានប្រសាសន៍បន្ថែមថាមុននឹងយើងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ គឺកម្ពុជាបានចាប់ផ្ដើមការងារមួយចំនួនរួចហើយ គឺកម្មវិធីជាច្រើន ដែលកម្ពុជាបាន ត្រៀមក្នុង ការធ្វើសមាហរណកម្ម ។ ទន្ទឹមនេះ សម្ដេចក៏បានមានប្រសាសន៍ផងដែរថាយើងនឹងព្យាយាមកែលម្អ ដូច្នេះហើយក្នុងការទទួលបានកំណើនសេដ្ឋកិច្ច៧%មិនធម្មតានោះទេជាពិសេសក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះសម្ដេចក៏បានគូសបញ្ជាក់អំពីការធ្វើពាណិជ្ជកម្ម ក៏ដូចជា ការកែលម្អពាណិជ្ជកម្មជាពិសេស គឺការបន្តធ្វើជាមួយប្រ ទេសដទៃទៀត ។
សម្ដេចក៏បានថ្លែងអំណរគុណដល់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានផ្ដល់ការជួយកម្ពុជាក៏ដូចជាជួយដល់ប្រទេសមានការអភិវឌ្ឍន៏តិចតួចជាពិសេសនៅពេលនេះសម្ដេចបានគូសបញ្ជាក់ថា ជាពេលវេលាដែលល្អជាង ពេល ណាទាំងអស់ដែលបានគាំទ្រអំពីតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺ បរិបទដែលមានចរន្ត នៃនយោ បាយគាំពារនិយម។ សម្ដេចក៏បានលើកពីបទពិសោធន៍ដែលសម្ដេចធ្លាប់ជួបធ្វើការជាមួយអតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ប៉ាស្កាឡាមី ដែលពេលនោះកម្ពុជាដើរតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០១២ ។
ជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកក៏បានផ្លាស់ប្តូរមតិយោបល់គ្នាសំដៅធ្វើយ៉ាងណាឲ្យកម្ពុជាបន្តទទួលផលប្រយោជន៍និងការធ្វើសមាហរណកម្មនៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកហើយអង្គការពាណិជ្ជកម្មពិភពលោកនៅតែធ្វើយ៉ាងណាបន្តតួនាទីរបស់ខ្លួនក្នុងការកែទម្រង់នៅពេលខាងមុខនេះ។
ក្នុងជំនួបនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកអំពីស្តង់ដារ ២ឬស្តង់ដា៣ ដូចជាការត្រៀមដកEBA ពីកម្ពុជាដោយសភាអឺរ៉ុបនេះ ដោយសម្ដេចក៏បានគូសបញ្ជាក់ផងដែរជាមួយឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថា ទោះបីយើងទទួលបានEBA កម្ពុជាក៏មិនអាចក្លាយជាមានបានដែរប៉ុន្តែបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់ នោះដែរ។ទោះជាយ៉ាងណាសម្ដេចបន្តថាកម្ពុជាត្រូវតែបន្តពង្រឹង ពង្រីកទីផ្សាររបស់ខ្លួន ហើយសម្ដេចក៏បានគូសបញ្ជាក់ថាអង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូ ល្អជាមួយកម្ពុជាហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការ ពាណិជ្ជ កម្មពិភពលោកផងដែរ។
ឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងបច្ចុប្បន្នរវាងមហាសេដ្ឋកិច្ច ដែល កំពុងមានភាពតានតឹងជាពិសេសរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរគឺសហរដ្ឋអាមេរិកនិងចិន ដូច្នេះហើយ អង្គការពាណិជ្ជកម្មពិភពលោកបន្តតាមដាននៅ សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។
ទោះយ៉ាងណាអង្គការពាណិជ្ជកម្មពិភពលោកនៅតែបន្តធ្វើការកែទម្រង់ ដើម្បីឆ្លើ យតប ទៅនឹងការប្រឈមដូចជាការស្នើសុំរបស់បណ្ដាប្រ ទេស ដែលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយឯកឧត្តម ក៏បានមានប្រសាសន៍ឯកភាព ទៅនឹងការស្នើសុំការកែទម្រង់នេះ ដែលការកែទម្រង់នេះចាំបាច់ ត្រូវ តែធ្វើក្នុងគ្រប់វិស័យនៃពាណិជ្ជកម្ម។ ឯកឧត្តមមានប្រសាសន៍ផងដែរថាពាក់ព័ន្ធនឹងការដោះស្រាយជម្លោះពាណិជ្ជកម្ម គឺយើងមានយន្តការរួចស្រាប់មកហើយ ហើយកម្ពុជា អាចដកស្រង់បទពិសោធន៍ និងធ្វើការជាមួយអង្គការពាណិជ្ជកម្មពិភពលោក។
ឯកឧត្តម អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកមានប្រសាសន៍ថា អ្វីដែលសំខាន់គឺចង់បានសំឡេ ងពីបណ្ដា ប្រទេសដូចជាប្រទេសកម្ពុជានៅក្នុងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺធ្វើយ៉ាងណា កម្ពុជាអាច ទាញយកអត្ថប្រយោជន៍ពីការកសាងសមត្ថភាព ពីការកំណត់ពេលវេលានៃការអនុវត្តន៍ ជាពិសេសការចូលរួមនៅក្នុង គ្រប់វិស័យរបស់អង្គការពាណិជ្ជកម្មពិភពលោកជាពិសេសគឺទាញ យកអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្ម ពី អន្តរ ជាតិ៕