(ប្រទេសថៃ)៖ នៅក្នុងរយៈពេល១ សប្តាហ៍ កន្លងទៅនេះ ក្រុមស៊ើបអង្គេតពិសេស របស់តម្រួតថៃ បានបង្ហើបថា សមត្ថកិច្ចជិតឈានដល់ ការវែកមុខឃាតករហើយ ដែលបានប្លន់ហាងលក់មាស នៅខេត្តឡុបបុរី ព្រមទាំងបានបាញ់ សម្លាប់មនុស្សគ្មានញញើតដៃ ដែលបង្កអោយមាន មនុស្សស្លាប់ចំនួន ៣ នាក់ និង រងរបួស ចំនួន ៤ នាក់ ដោយជនសង្ស័យ ប្រើប្រាស់កាណុង សុីឡង់ស្យឺ ដើម្បីកាត់បន្ថយសម្លេង ក្នុងការបាញ់ប្រហារ ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ៩ខែ មករា ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៣០ នាទី យប់ នៅចំណុចហាងលក់មាសមួយកន្លែង យីហោ រ៉ូប៊ិនសាន់ ស្ថិតក្នុងភូមិ ៤ ឃុំ កុកកូ ស្រុកមឿង ខេត្តឡុបបុរី ប្រទេសថៃ មានករណីប្លន់ប្រដាប់ អាវុធមួយបានកើតឡើង ដោយជនសង្ស័យបាន ប្រើប្រាស់កាំភ្លើងខ្លី ខ្នាត ៩ មីល្លីម៉ែត្រ តកាណុងបានបាញ់ សម្លាប់មនុស្ស ៣ នាក់ និង របួស ៤ នាក់ ដោយចោរបានប្រមូលមាស និង គ្រឿងអលង្កាអស់ជាច្រើន រួចគេចខ្លួនបាត់ដោយ ប្រើប្រាស់ម៉ូតូ យ៉ាម៉ាហា ហ្វីណូ ។
នៅក្នុងរយៈពេល មួយសប្តាហ៍នេះ ក៏មានប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែល មានចាប់កាមេរ៉ា នៅនឹងរថយន្ត បានរាយការណ៍ទៅ សមត្ថកិច្ចយ៉ាងច្រើន នៅពេលដែលប្រទះឃើញ មុខសញ្ញាណមួយដែលគួរ អោយសង្ស័យ ឬក៏ស្រដៀងទៅនឹង ភិនភាគជនល្មើស ដើម្បីអោយសមត្ថ កិច្ចត្រូតពិនិត្យ ។
រីឯប្រភពមួយចំនួន បានដាក់បន្ទុក ទៅលើសមត្ថ កិច្ចយោធា តម្រួត និង ទាហានជើងទឹក ថាជាជនបង្ក ។
បើទោះបីជាមានការ សង្ស័យផ្សេងៗពីគ្នា យ៉ាងណាក្តី ក៏លោក ឆៃវ៉ាត់ កេតវ៉នឆៃ ប្រធានក្រុមស៊ើបអង្គេត ក្នុងសំណុំរឿងនេះ បានស្នើសុំអោយ ពលរដ្ឋទាំងអស់ ទុកពេលបន្តិចដើម្បីអោយ សមត្ថកិច្ចជំនាញ ក៏ដូចជារូបលោក សិក្សា ស្រាវជ្រាវទៅតាមជំនាញសិន ។
លោកបានបន្តថា នៅក្នុងខេត្ត ឡុបបុរីទាំងមូល មានមនុស្សដែលប្រើ ប្រាស់កាំភ្លើងប្រភេទនេះ សរុប ៣០០ ដើម ដែលក្រមការងាររបស់ លោកបានប្រមូល យកមកធ្វើកោសល្យវិច្ច័យ ពិនិត្យ និងប្រៀបធៀប ជាមួយនឹងអាវុធ ដែលជនសង្ស័យប្រើ រហូតជម្រុះចោល នៅសល់តែ ១៣ ដើមប៉ុណ្ណោះ ក្នុងនោះ ជារបស់សមត្ថកិច្ច ២ ដើម និង របស់ពលរដ្ឋ ១១ ដើម ។
នៅក្នុងចំណោមអាវុធ និង ភិនភាគអ្នកប្រើ ដែលបានយកទៅ ប្រៀបធៀបនោះ ទីបំផុតក៏ត្រូវជម្រុះបន្ថែមទៀត ដោយចុងក្រោយនេះ នៅសល់តែ៣ នាក់ប៉ុណ្ណោះ ដែលមានការសង្ស័យ ហើយនៅក្នុងចំណោម អ្នកទាំង៣ ក៏មានកូន អ្នកមានឥទ្ធិពល នៅក្នុងតំបន់ផងដែរ បើទោះបីជាមានការប៉ះ ពាល់ដល់អ្នកមានអំណច ឬអ្នកមានឥទ្ធិពល ខ្លាំងយ៉ាងណាក៏ដោយ ក៏ក្រុមស្រាវជ្រាវបានធ្វើ ការសិក្សាយ៉ាងលម្អិត ដើម្បីវែកមុខឃាតករ ។
នៅចុងក្រោយនេះ សមត្ថកិច្ចបានចុះ ទៅកាន់ទីតាំងលក់ខោ អាវ មួយកន្លែង នៅក្នុងស្រុក ព្រះពុទ្ធបាត ខេត្ត សារៈបុរី ដោយបានសាក សួរទៅលើម្ចាស់ហាង អំពីភិនភាគជនសង្ស័យ ព្រមទាំងបានទិញនូវសម្លៀកបំពាក់ ដែលស្រដៀងទៅនឹង ជនសង្ស័យប្រើប្រាស់ ដើម្បីយកទៅ អោយមនុស្សដែល សង្ស័យ ស្លៀកពាក់ ក្នុងការពិនិត្យ និងប្រៀបធៀប ជាមួយនឹងរូបភាព ជាសង្ស័យ ។
ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ ហាមដាច់ខាត មិនអោយស្លៀក ពាក់ស្រដៀងៗទៅនឹងរូបភាព ជនសង្ស័យឡើយ ព្រោះអាចមានទោសបាន ដោយសារតែធ្វើអោយ អ្នកផ្សេងមានការភ័យខ្លាច ។
ថ្មីៗនេះ នៅទីស្តីការគណរដ្ឋមន្ត្រី លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានថ្លែង ក្រោយពេល ប្រជុំគណរដ្ឋមន្ត្រី ថា តាមសេចក្តីរាយការ របស់សមត្ថកិច្ចជំនាញ គឺមិនយូរទេអាចនឹងឈាន ដល់ការចាប់ខ្លួន ជនសង្ស័យហើយ ដូច្នេះសុំចិត្តប្រជាពល រដ្ឋទុកពេលអោយ សមត្ថកិច្ចធ្វើការសិន ព្រោះជៀសវាងក្នុង ការដែលចាប់មនុស្សខុស ។
លោកនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ សមត្ថកិច្ចផងដែរថា កុំបញ្ចេញព័ត៌មាន ទៅអោយអ្នកកាសែត ច្បាស់ពេក ព្រោះជនល្មើសក៏ មើលព័ត៌មាន និងមើលទូរទស្សន៍ដែរ ដូច្នេះវាអាចធ្វើអោយ ជនល្មើសដឹងខ្លួនមុន អាចឈានដល់ ការគេចខ្លួនបន្ត ។
លោកក៏បានប្រគល់ ថវិកាដល់សព ចំនួន ៣ នាក់ ដែលបានស្លាប់ នៅក្នុងករណីប្លន់ ដោយក្នុងម្នាក់ៗ ទទួលបាន ១១០ ០០០ បាត ដោយឡែកអ្នក រងរបួស ចំនួន ៤ នាក់ នៅមិនទាន់ប្រគល់ ថវិកា នៅឡើយទេ ព្រោះមិនដឹងត្រូវ ព្យាបាលដល់ពេលណា ហើយនិងត្រូវបង់ ថ្លៃសេវាព្យាបាល របស់ក្រុមគ្រូពេទ្យ អស់ប៉ុន្មាននោះទេ ។
នៅរសៀលថ្ងៃទី ១៥ ម្សិលមុិញនេះ សមត្ថកិច្ថថៃ បានបង្ហើបថា បានរកឃើញម៉ូតូ យ៉ាម៉ាហា ហ្វីណូ ដែល ស្រដៀងទៅនឹងម៉ូតូ ដែលជនល្មើស បានប្រើប្រាស់ ប៉ុន្តែនៅពេលនេះ សមត្ថកិច្ចកំពុងសិក្សាអោយបានច្បាស់លាស់សិន ៕