(ភ្នំពេញ)៖ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា រហូតមកដល់រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ នៅតែមិនឃើញ អាជ្ញាធរមានសមត្ថកិច្ច ចុះបង្រ្កាបសង្ស័យម្ចាស់ សង្វៀនជល់មាន់ដ៏ ធំមួយនេះ ស្ថិតនៅភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ សង្ស័យម្ចាស់ មានខ្នងធំ ទើបលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ មិនហ៊ានចុះបង្ក្រាប។
ទីតាំងខាងលើនេះ មានព្រំប្រទល់ខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ទំនងជាមានច្បាប់អនុញ្ញាត ឬមានខ្នងអ្នកធំហើយ ទើបមានក្រុមអ្នកលេង ល្បែងស៊ីសង ប្រមូលផ្តុំគ្នា យ៉ាងពពាក់ពពូន ដោយគ្មានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានទាល់តែសោះ។
ប្រភពដដែល បានបញ្ជាក់ថា ទីតាំងខាងលើ មានលេងល្បែងដូច ជាជល់មាន់ លេងអាប៉ោង លេងបៀរ គាបស៊ីគ្នាយ៉ាងសាហាវ។
ប្រជាពលរដ្ឋសំណូម ពរទៅលោក អភិបាលខណ្ឌមានជ័យ និងលោកអធិការ ខណ្ឌមានជ័យ មេត្តាជួយធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបផង ដោយពលរដ្ឋ កំពុងរង់ចាំមើលថា តើនឹងមានចំណាត់ការ ចុះបិទ សង្វៀនជល់មាន់នេះ ឬមួយយ៉ាងណា ព្រោះបើបន្តឲ្យបើក តទៀត នឹងធ្វើឲ្យមានកើត បទល្មើស ក្នុងមូលដ្ឋានកាន់តែច្រើនជាក់ជាមិនខាន។
ក្រុមការងារ យកព័ត៌មាន យើងនឹងធ្វើការតាម ដានព័ត៌មាននេះតទៀត រហូតដល់សមត្ថកិច្ច មានវិធានការជាក់លាក់ ចុះបង្ក្រាបទីតាំងខាងលើ៕