(ស្វាយរៀង) ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំគ្រួស ស្រុកស្វាយជ្រំ បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំគ្រួស នៅសាលាឃុំគ្រួស ស្រុកស្វាយជ្រំ ដើម្បីស្វែងរកពីបញ្ហាប្រឈមនានា នៅមូលដ្ឋាន និងដោះស្រាយឲ្យបានទាន់ពេលវេលាជូនពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំគ្រួស លោកឧត្តមសេនីយ៍ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលរងស្រុកស្វាយជ្រំ លោក លោកស្រីក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ នាយកវិទ្យាល័យ- អនុវិទ្យាល័យ និងសាលាបឋមសិក្សាក្នុងឃុំគ្រួស ប្រធានមណ្ឌលសុខភាពគ្រួស និងថ្នាក់ដឹកនាំភូមិជាច្រើនរូបផងដែរ ។
លោក រស់ ផារិទ្ធ បានថ្លែងថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំគ្រួស ស្រុកស្វាយជ្រំ ការជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីបង្ហាញឲ្យដឹងអំពីតួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការបំពេញបេសកកម្មដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក រស់ ផារិទ្ធ ក៏បានជម្រាបជូនដោយសង្ខេបអំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងការបន្តថែរក្សាសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោកមេភូមិគ្រួស ភូមិក្រសាំងជ្រំ ភូមិត្រោក លោកនាយកសាលាបឋមសិក្សាគ្រួស សំរោង កណ្តាលភូមិ បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនពាក់ព័ន្ធ នឹងសេចក្តីត្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយជាការ ឆ្លើយតបទៅនឹងបញ្ហា និងសំណូមពរខាងលើ ក្រុមការងារ និងមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើការឆ្លើយបំភ្លឺ ទៅតាមតួនាទីភារកិច្ចនៃជំនាញនីមួយៗស្របតាមនីតិវិធី ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានផងដែរ៕