(ខេត្តកែប)៖ កាលពីរសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនិងថ្ងៃទី០៨ខែគម្ភៈ ឆ្នាំ២០២០ នេះ រដ្ឋបាលខេត្តកែប បានប្រារព្វពិធី បុណ្យមាឃបូជា ដែលកម្មវិធី នេះបានធ្វើឡើងនៅ វត្តសត្ថាធម្មវិហារ (ភ្នំពោន) ដែលស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
កម្មវិធីបុណ្យបាន ប្រារព្ធធ្វើ ឡើងដោយមានការ អញ្ចើញនឹងនិមន្តចូល រួមជាវត្តមាន នាឱកាសនោះ ពីសំណាក លោក កែន សត្ថា អភិបាល នៃគណៈអភិ បាលខេត្តកែប ព្រមទាំង ព្រះមេគុណខេត្ត ទាំងពីរគណ: លោក លោកស្រី សមាជិក សមាជិកាក្រុម ប្រឹក្សាខេត្ត លោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត លោកគ្រូ អ្នកគ្រូសិស្សនិស្សិត និងពុទ្ធបរិស័ទទាំងទី ជិតទីឆ្ងាយ យ៉ាងច្រើនកុះករ។
ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យ មួយដ៏មានសារៈ សំខាន់បំផុត នៅក្នុង ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយពិធីបុណ្យ មាឃបូជា នេះទៀតសោត ក្នុងគោលបំណង ចម្បងគឺប្រារព្ធឡើង សម្រាប់រំលឹកដល់ អភិលក្ខិតកាល ២ប្រការគឺ៖ ១-ព្រះអរហំសម្មាសម្ពុទ្ធ ទ្រង់ដាក់នូវព្រះជន្មាយុសង្ខារ, ២-ព្រះអរហំសម្មាសម្ពុទ្ធ ទ្រង់ធ្វើចតុរង្គសន្និបាទ។
សូមជម្រាបថា កម្មវិធីបុណ្យមាឃបូជា នារសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដង្ហែរក្បួននឹងធ្វើពិធីវេរគ្រឿងសក្ការៈបូជាស្វាធ្យាយ និងព្រះសង្ឃសម្ដែង ព្រះធម៌ទេសនា។
ហើយកម្មវិធីបុណ្យនេះ នឹងត្រូវបញ្ចប់នៅ ព្រឹកថ្ងៃអាទិត្យ ១រោច ខែមាឃឆ្នាំកុរ ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ខែកុម្ភៈឆ្នាំ ២០២០ ដោយមាននិមន្ត ព្រះសង្ឃធ្វើពិធី បិណ្ឌបាតជាង ១២០អង្គផងដែរ៕