(ខេត្តកំពត)៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវ ជាតិលេខ៣៣ ដោយហេតុការណ៍ដ៏ រន្ធត់នេះបានកើតឡើង នាវេលាម៉ោង៣និង ៣៥នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិភ្នំសាឡី ឃុំកំពង់ត្រាច ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ពាក់ព័ន្ធនឹងគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឱ្យ មានមនុស្សស្លាប់ និងរបួសនេះ នគរបាលចរាចរណ៍ ស្រុកកំពង់ត្រាច បានឱ្យដឹងថា គ្រោះថ្នាក់ខាងលើនេះ ផ្តើមឡើងដោយសារ ការបើកបរខ្វះការ ប្រុងប្រយ័ត្ន ដោយមុនពេល កើតហេតុមានម៉ូតូ ម៉ាកសេ១០០កូរ៉េមួយគ្រឿង បើកបរពីកើតទៅលិច លុះមកដល់ ចំណុចគ្រោះថ្នាក់ ក៏មានម៉ូតូមួយគ្រឿង ទៀតម៉ាកសេ១២៥សេរី ឆ្នាំ២០១៩បោះពួយមកពី ក្រោយក្នុងទិសស្របគ្នា ស្រាប់តែជ្រុលទៅ បុកម៉ូតូម៉ាកសង់កូរ៉េ ពេញទំហឹង បណ្តាលឱ្យភាគី សេ១២៥ស្លាប់នៅកន្លែង ចំណែកភាគីម៉ូតូសង់ កូរ៉េរងរបួសធ្ងន់ត្រូវបាន ដឹកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ។
ប្រភពដដែលបានបន្តថា អ្នកស្លាប់ក្នុងហេតុ ការណ៍នោះ ឈ្មោះ នាក់ ក្តឹប ភេទប្រុស អាយុ៣៧ឆ្នាំ មាន ទីលំនៅភូមិ ដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បើកបរម៉ូតូម៉ាកC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត 1O-4437។
ចំណែកអ្នករង របួសឈ្មោះ ចាប សុខី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជិះម៉ូតូ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1D-3190។
ជាមួយនឹងករណីដ៏រន្ធត់នេះ យោងតាមប្រភព មិនច្បាស់ការណ៍ផ្សេង ទៀតបាននិយាយថា ពេលម៉ូតូពីរ គ្រឿងប៉ះទង្គិចគ្នាដួល នៅលើដងផ្លូវ ស្រាប់តែមានរថយន្ត មួយគ្រឿងបោះពួយមក ពីក្រោយក្នុងទិស ដៅស្របគ្នា ហើយរថយន្តនោះ គេចមិនផុតក៏កិន ចំក្បាលបុរសជិះម៉ូតូសេ១២៥ បណ្តាលឱ្យស្លាប់តែម្តង។
ប៉ុន្តែប្រភពអះអាងនេះ គ្រាន់ជាការលើកឡើង ស្មានៗប៉ុណ្ណោះមិនរាប់ ជាផ្លូវការឡើយ ទើបសមត្ថកិច្ច មិនកត់ត្រាក្នុងកំណត់ហេតុ។
ក្រោយពេលវាស់វែង មធ្យោបាយទាំងពីរ គ្រឿងត្រូវសមត្ថកិច្ចនាំ យកទៅរក្សាទុកនៅក្នុង អធិការដ្ឋាន នគរបាលស្រុក សម្រាប់ដោះស្រាយនៅ ពេលក្រោយ។
ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ ជូនសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី៕