(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីអបអរសាទរ “រុក្ខទិវា” ៩ កក្កដា ២០១៩ នៅបរិវេណពហុ កីឡដ្ឋានខេត្ត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និង លោក ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្តកំពត។
អញ្ជើញចូល រួមក្នុងពិធីនេះរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាក្រុង សង្កាត់ សិស្សនិស្សិត យុវជន កាយរឹទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប ១៥៩៥នាក់។
តាមរបាយ ការណ៍របស់ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឲ្យដឹងថា ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ដែលត្រូវបាន ប្រារព្ធឡើងនៅក្នុង បរិវេណពហុកីឡដ្ឋាន ខេត្តកំពតនាពេល នេះគឺត្រូវដាំដើម ឈើឆ័ត្រទេស អង្កត់ផ្ចិតទំហំ១០ស.ម ចំនួន១០ដើម ដើម ឈើធ្នង់អង្កត់ផ្ចិតទំហំពី១០-២៥ស.ម ចំនួន៣០ដើម កូនឈើប្រភេទ គ្រញូងចំនួន១០០ដើម នាងនួន១០០ដើម ធ្នង់៥០ដើម កូនគគីរ១០០ដើម និងដើមរំដួល ចំនួន១០០ដើម ដោយបានដាំនៅតាមដង ផ្លូវនានាក្នុងភូមិសាស្ត្រ ក្រុងកំពត សរុប ៦១០ដើម ក្នុងគោលបំណង បង្កើននូវ សោភ័ណភាពក្នុងក្រុង របស់យើងឲ្យមានលក្ខណៈស្រស់បំព្រង។
លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ក្នុងនោះដែរយើងក៏មាន កូនឈើប្រភេទប្រណិតៗ មួយចំនួនទៀត សម្រាប់ចែកចាយ ជូនអង្គភាពរដ្ឋ សាលារៀន វត្តអារាម និងប្រជាពលរដ្ឋចំនួន ៤០០ដើមទៀត ដូចជាកូនគគីរ ១០០ដើម ឈើទាល ១០០ដើម គ្រញូង១០០ដើម ធ្នង់៥០ដើម និងនាងនួន ៥០ដើម សរុបទាំងអស់ ស្មើនឹង១.០១០ដើម។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យរុក្ខទិវាថ្ងៃ នេះបង្ហាញឲ្យឃើញ នូវការភ្ញាក់រលឹក និងចូលរួមយ៉ាងសកម្ម ការពារ និងបង្កើនធនធានព្រៃឈើដ៏មានតម្លៃ។
ដោយខណៈ នោះលោកក៏បាន ផ្តាំផ្ញើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពត និងក្រុងកំពត ត្រូវបន្តដាំកូនឈើ នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីបង្កើតនូវពណ៌បៃតង និងផ្កាគ្រប់ពណ៌ សម្រាប់លម្អ សោភ័ណភាពក្រុង និងដើម្បីចូលរួម ប្រឡងប្រណាំងក្នុងកម្មវិធី ប្រទេសអាស៊ាន ស្ដីពីសាលារៀន ស្អាតនិងបរិស្ថានល្អ៕ ដោយលោក សេង ណារិទ្ធ