(ខេត្តកែប)៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំសហការី ដើម្បីរៀបចំពិធីក្រុងពាលី សាងសង់ផ្សាររាត្រី ស្ថិតចំណុចមាត់ឆ្នេរ(ខាងត្បូងផ្សារក្តាម) ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ការរៀបចំពិធីនេះ ត្រូវបានប្រព្រឹត្តទៅតាម បែបប្រពៃណីទំនៀម ទម្លាប់តាំងពីយូរលង់ ដោយមានការប្រគុំភ្លេងពិណពាទ្យ និងមានការអញ្ជើញ ចូលរួមពីសំណាក់ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកស្នងការនគរបាលខេត្ត និងអភិបាលក្រុងកែប។
ចំពោះការសាង សង់ផ្សាររាត្រីនេះ លោក កែនសត្ថា អភិបាលខេត្តកែប ក៏បានលើកឡើងថា នេះជាគម្រោងមួយ មានគោលដៅសម្រាប់ បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសបម្រើលើផ្នែក វិស័យទេសចរណ៍ឲ្យ កាន់តែមាននិរន្តរភាព។
លើសពីនេះការ បង្កើតឲ្យមានផ្សាររាត្រី ពិតជាបានទាក់ទាញដល់ អ្នកទេសចរណ៍គ្រប់ ជាតិសាសន៍ឲ្យ ចូលមកសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើង។
លោកអភិបាលខេត្ត កែបបានបញ្ជាក់ផងដែរថា ពេលណាខេត្តកែបមានផ្សាររាត្រី ខេត្តរបស់យើងពិតជា ធ្វើឲ្យមហាជគ្រប់ ស្រទាប់មានភាពរីករាយ ដោយគេមានឱកាស បានដើរទស្សនាការតាំង លក់ទំនិញគ្រប់ពេល ជាពិសេសពេលរាត្រី៕ ដោយលោក សេង ណារិទ្ធ