(ប្រទេសថៃ) ៖ យ៉ាងហោចណាស់ ក៏មានពលការិនី ចំនួន ២ នាក់ ដែរ ដែលបាន បាត់បង់ជីវិត នៅក្នុងចំណោមពលករ ខ្មែរដែលរងរបួស ជាច្រើននាក់ ខណៈដែលមាន ករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅក្នុងខេត្ត នន់ថៈបុរី ប្រទេសថៃ កាលពីយប់ម៉ិញនេះ ។
យោងតាមការបង្ហោះ ព័ត៌មានរបស់ ក្រុមហ៊ុនមូលនិធិ « រួមកតញ្ញូ នន់ថៈបុរី » បានបញ្ជាក់ថា ឧបទ្ទវហេតុនេះ បានកើតឡើង កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ តាមបណ្តោយផ្លូវកានចាក់ណា ភិសែក ក្បែផ្លូវរថភ្លើង ត្រង់ចំណុចផ្លូវ ចូលវត្តសិរីប្រវត្តិ ក្នុងឃុំប្ល៉ាយបាង ស្រុកបាងគ្រួយ ខេត្តនន់ថៈបុរី ប្រទេសថៃ ។
នៅកន្លែងកើតហេតុ គេសង្គេតឃើញថា មានមនុស្សស្លាប់ចំនួន ៣ នាក់ ព្រមទាំងមាន អ្នករងរបួស ជាច្រើននាក់ផងដែរ ដោយអ្នកស្លាប់ គឺស្ថិតក្នុងសភាពជាប់ ក្នុងរថយន្តតែម្តង ដែលតម្រូវអោយ ក្រុមតម្រួត យកឧបករណ៍ មកកាត់ជញ្ជាំង រថយន្តដើម្បីយក សពចេញមកខាងក្រៅ ។
ដោយឡែករថយន្ត ដែលដឹកពលករ ខ្មែរនោះម៉ាក តួរីស ព៌ណស ពាក់ស្លាកលេខ បាងកក ៤០៧៥ ចំណែករថយន្ត ធុនធំដែលមានដឹក សសរគ្រឹះពេញពាក់ ស្លាកលេខ ប៉ាធុំថានី ៧០-៣៩២៤ ។
លោក ស៊ុ យ៉ុត អាយុ ៥០ ឆ្នាំ ជាអ្នកបើកបររយន្តធំ បានរៀបរាប់ថា លោកបានដឹកសសរគ្រឹះនេះ មកពីខេត្តប៉ាធុំថានី ដោយយកមក ទម្លាក់នៅកោះក្លាង ដើម្បីបុកគ្រឹះធ្វើស្ពាន ថ្នល់ ដោយលោកបាន បើកភ្លើងវិល( ភ្លើងស៊ីរ៉ែន ) តាមផ្លូវមករហូត ។ លុះមកដល់ត្រង់ ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្ត តួរីសនេះ បើកលឿន មកពីខាងស្តាំ ហើយក៏បានបុក នឹងកន្ទុយរថយន្តរបស់ លោកយ៉ាងពេញទំហឹងតែម្តង ដោយសារតែឃើញ មានអ្នកស្លាប់ផងនោះ ទើបលោកបាន ទូរស័ព្ទហៅប៉ូលិស តែម្តង ។
ក្រោយពេល សមត្ថកិច្ចថៃ ចុះមកដល់ គេសង្គេតឃើញថា មានអ្នកស្លាប់ចំនួន ៣ នាក់ ដោយមានសភាពជាប់ក្នុង រថយន្តផង ម្នាក់គឺជអ្នកបើក បររថយន្តឈ្មោះ សុភក្ត្រ ព្រុំចាន់ អាយុ ៤៧ ឆ្នាំ និង នារី ២ នាក់ គឺជាពលការិនីខ្មែរ អាយុប្រហែល ៣០ ឆ្នាំ ដែលធ្វើការនៅ ក្នុងប្រទេសថៃ ព្រមទាំងមាន អ្នករងរបួសមួយ ចំនួនទៀត ក៏ជាពលករខ្មែរដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុង រកមើលកាមេរ៉ាសុវត្ថិភាព នៅតាមដងផ្លូវដើម្បីពិនិត្យ ប៉ុន្តែសមត្ថកិច្ចបាន សន្និដ្ឋានបឋមថា អ្នកបើកបររថយន្តតូច អាចបើកទាំង ងងុយដេក ព្រោះនៅលើផ្លូវគ្មាន ស្លាកស្នាមហ្វ្រាំង បន្តិចទាល់តែសោះ ៕ ដោយលោក មួនរិទ្ធីយ៉ា