(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពល ខេមរភូមិន្ទ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំជាអគ្គ មេបញ្ជាការរង ផងនោះ បានប្រមូលផ្ដុំគ្រប់កងឯកភាព និងប្រភេទទ័ពជំនាញ ដើម្បីផ្សព្វផ្សាយ ប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតម្រូវឲ្យមន្ត្រីរាជការ និងបុគ្គលិកឯកជន ផ្អាកឈប់សម្រាក ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ។
តាមការរម្លឹកប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុង សន្និសីទកាសែត កាលពីថ្ងៃទី៧មេសា ម្សិលមិញ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ការប្រកាសសម្រច ផ្អាកក្នុងពិធីបុណ្យចូល ឆ្នាំខ្មែររបស់សម្តេចតេជោ គឺដើម្បីទប់ស្កាត់ការ រីករាលដាលនៃ កូវីដ-១៩ តែប្រជាពលរដ្ឋ អាចរៀបចំពិធី ទទួលទេវតាឆ្នាំថ្មីនៅ តាមគេហដ្ឋានរៀងៗ ខ្លួនបានជាធម្មតា។
ពាក់ព័ន្ធដល់កង យោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់ មេបញ្ជាការគ្រប់រូប ត្រូវអប់រំយោធិនក្រោម ឱវាទរបស់ខ្លួន ឲ្យគោរពអនុវត្តម៉ឺង ម៉ាត់តាមប្រកាសរបស់ ប្រមុខរាជរដ្ឋាភិបាល ហើយត្រូវត្រៀម នៅនឹងកន្លែងដើម្បី បង្កើនសកម្មភាព ការងារឲ្យកាន់តែខ្ពស់ ថែមទៀត ក្នុងនោះយកចិត្តទុកដាក់ គ្រប់គ្រងកម្លាំងទ័ព ហាមការចេញចូល គ្មានការអនុញ្ញាត លើកលែងតែក្នុង ករណីពិសេស ដែលមានធុរៈចាំបាច់ ដែលអនុញ្ញាត ឲ្យចេញក្រៅ ហើយពេលត្រឡប់ មកវិញត្រូវដាក់ ឲ្យរស់នៅក្នុង អគារដាច់ដោយឡែក៕