(ភ្នំពេញ)៖ លោកឧត្តម សេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានថ្លែងប្រាប់ មុនបន្តិចថា សមត្ថកិច្ចចាប់ ខ្លួនបានហើយ ឃាតក ជាប៉ូលិសប៉ុស្តិ៍ បាក់ខែង បាញ់សម្លាប់ ប្អូនថ្លៃ ព្រោះភ្លើងប្រចណ្ឌ នៅកោះឧកញ៉ាតី គឺចាប់នៅ នៅខេត្តស្ទឹងត្រែង។
លោកស្នង ការបញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះសមត្ថកិច្ច បានឃាត់ខ្លួន លោក តែម រ៉ានុន ជាមន្ត្រីនគរបាល ប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបាញ់ សម្លាប់ប្អូនថ្លៃ ព្រោះភ្លើងប្រចណ្ឌ នៅកោះឧកញ៉ាតី នៅក្នុងព្រៃ ជ្រៅមួយកន្លែង ស្ថិតនៅស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ ខេត្តព្រះវិហារ ។
ប្រតិបត្តិការបង្ក្រាប ជនល្មើសដោយ ជោគជ័យ នេះ គឺ ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តកណ្តាល និង លោកឧត្តម សេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនគរ បាលខេត្តកណ្តាល ។
លោកបន្តថា កម្លាំងនគបាល ខេត្តកណ្តាល សហការជាមួយ នគរបាល ខេត្តស្ទឹងត្រែង នគរបាលព្រហ្ម ទណ្ឌក្រសួងមហាផ្ទៃ ទើបឈានដល់ចាប់ ខ្លួនជនសង្ស័យ ដែលលាក់ ខ្លួនក្នុងចំការ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ មានករណីបងថ្លៃ ជាប៉ូលិសប៉ុស្តិ៍បាក់ខែង បានបាញ់ សម្លាប់ប្អូនថ្លៃ ដោយសារភ្លើង ប្រចណ្ឌជាមួយប្រពន្ធ នៅចំណុចកោះ ឧកញ៉ាតី ភូមិចុងកោះ ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕