(ប្រទេសថៃ)៖ ស្ត្រីខ្មែរម្នាក់គឺនៅ មានសុខភាពល្អ ប្រសើរ ដែលបច្ចុប្បន្នកំពុងសម្រាក នៅក្នុងមន្ទីរពេទ្យ ស្រុកអារញ្ញា ប្រាថេតប្រទេសថៃ បន្ទាប់ពីបានសម្រាល កូននៅនឹងកន្លែង លក់ទំនិញក្នុងបរិវេណ ផ្សាររោងក្លឿ រួចមក ។
ហេតុការណ៍ដែល ធ្វើអោយមានការ ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី ៣ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង ១២និង៣៥នាទី ថ្ងៃត្រង់នៅចំណុច ក្នុងកូដាំង(ឃ្លាំង) ដំបូលក្រហម ស្ថិតក្នុងបរិវេណផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញ ប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់នឹងក្រុងប៉ោយប៉ែត ។
បើតាមរបាយ ការណ៍របស់ភាគីថៃ បានបញ្ជាក់ថា នៅពេលកើតហេតុនោះ គេសង្គេតឃើញថា ក្រុមសង្គ្រោះបឋម ប្រចាំផ្សាររោងក្លឿ បានចុះទៅជួយ ស្រ្តីខ្មែរម្នាក់ ដែលបម្រើការនៅក្នុង កូដាំងដំបូលក្រហមនេះ ហើយបានសម្រាលកូន នៅនឹងកន្លែងលក់ ដូរនោះតែម្តង ។
របាយការណ៍បានបន្តថា ស្ត្រីដែលសម្រាលកូននោះ គឺជាជនជាតិខ្មែរ អាយុប្រហែល ជាង ៣០ ឆ្នាំ ដោយសម្រាលបានកូនភ្លោះ ( ប្រុស១ ស្រី១ ) គឺភ្លាមៗនោះដែរ ទាំងម្តាយ និងកូនភ្លោះ ត្រូវបានរថយន្តសង្គ្រោះរបស់ភាគីថៃ ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ស្រុកអារញ្ញប្រាថេត ហើយដោយឡែក បច្ចុប្បន្ននេះស្ត្រីជាម្តាយ គឺមានសុខភាពមាំទាំល្អប្រសើរ ៕