បន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត សហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំនិងសម្របសម្រួលដោយមន្ត្រីជំនាញជល់ផលក្រុងប៉ោយប៉ែត ចុះបង្ក្រាបបទល្មើសដកហូតអួនស្បៃមុងនេសាទខុសច្បាប់ នៅរសៀលថ្ងៃទី២៩ ខែមេសាឆ្នាំ២០២០ នៅក្នុងផ្ទៃទឹកអាងទំនប់អូរខៃដន ក្នុងភូមិកូនដីរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លោក ឃឿន វីរៈ នាយសង្កាត់រដ្ឋបាលជល់ផលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អួនក្រឡាញឹក និងស្បៃមុង ដែលប្រជាពលរដ្ឋមួយចំនួនបាននេសាទនៅក្នុងទឹកអាងអូរខៃដននេះ ជាបទល្មើសនេសាទខុសច្បាប់ ដែលបំផ្លាញកូនត្រី បើមិនមានការទប់ស្កាត់ទេនោះ ពូជត្រីប្រឈមនិងការបាត់បង់។ លោកបានបន្តថា ការបង្ក្រាបរបស់កម្លាំងចម្រុះ បានដកហូតបានអួនស្បៃមុង និងលូស្បៃមុងចំនួន២៥មាត់ អួនស្បៃមុងក្រឡាញឹកប្រវែង៩០០ម៉ែត្រ និងលូស្បៃមុងប្រវែង៣០០ម៉ែត្រ សរុបមានប្រវែង១២០០ម៉ែត្រ ត្រូវបានអូសដាក់លើគោកដុតកម្ទេចចោល។
លោក ឃឿន វីរៈ បានសំណូមពរឲ្យប្រជាពលរដ្ឋជួយចូលរួមថែរក្សាការពារនូវពូជត្រី តាមរយៈការនេសាទ ជាលក្ខណៈគ្រួសារ មានដូចជា ការបង់សំណាញ់ ដាក់មោង បបក់ ស្ទូច និងមធ្យោបាយរកត្រីមួយចំនួនទៀត ដែលច្បាប់អនុញ្ញាត និងមិនធ្វើឲ្យបាត់បង់ពូជត្រី៕