ខេត្តកំពត៖ ជនជាតិចិន២នាក់ដែលជិៈម៉ូតូមកពីខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត និងវាយបំបែកកញ្ចក់រថយន្តនៅក្នុងភូមិសាស្ត្រខេត្តកំពត ប៉ងលួចទ្រព្យសម្បត្តិ ត្រូវសមត្ថកិច្ចក្របួចបាន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
សមត្ថកិច្ចខេត្តកំពតបានឱ្យដឹងថា ជនជាតិចិន២នាក់ដែលត្រូវនគរបាលឃាត់ខ្លួន ទី១.ឈ្មោះ ឈីញ ហាយកៃ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ, ទី២.ឈ្មោះ ឈីង ចុងដាន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ។ ដោយការឃាត់ខ្លួននេះបន្ទាប់ពីពួកគេបានធ្វើសកម្មភាពវាយបំបែកកញ្ចក់រថយន្តលួចយកទ្រព្យសម្បត្តិរបស់គេ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក ត្រង់ចំណុចភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនជាតិចិនខាងលើបានគឺតាមរយៈកាម៉េរាសុវត្ថិភាព ដោយបានកំណត់ទៅតាមភិនភាគច្បាស់លាស់ ទើបសមត្ថកិច្ចតាមឃាត់ខ្លួនយកមកសាកសួរនៅស្នងការនគរបាលខេត្តកំពត។
ប្រភពដដែលបានរៀបរាប់ទៀតថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មានករណីវាយកញ្ចក់រថយន្តយកទ្រព្យសម្បត្តិ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត បណ្តាលឱ្យម្ចាស់រថយន្ត ឈ្មោះ ឈិន តុងលី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាត់សម្ភារៈ រួមមាន៖ កុំព្យូទ័រឡេបថប១គ្រឿង ,កាបូបស្ពាយចំហៀងពណ៌ទឹកដោះគោ លាយខ្លាញ់ក្តាម១ និងកាបូបដាក់ប្រាក់ប្លាស្ទិក១ ក្នុងកាបូបនោះមានលុយចំនួន ១.០០០ដុល្លារ ផងដែរ។បន្ទាប់ពីមានករណីបែបនេះ សមត្ថកិច្ចក៏ឆែកមើលកាម៉េរាសុវត្ថិភាព ទើបដឹងតម្រុយ និងកំណត់មុខសញ្ញាឈានទៅឃាត់ខ្លួនជនជាតិចិនទាំង២នាក់តែម្តង។
បច្ចុប្បន្នជនជាតិចិនទាំង២នាក់ សមត្ថកិច្ចកំពុងបន្តសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕