ខេត្តបាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបងសហការជាមួយនគរបាលខេត្តបន្ទាយមានជ័យ ចុះអនុវត្តន៍ដីកា ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែ ក)។ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤:០០នាទីនៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួនលេខ ៨១/២០១៩ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ របស់លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបានបញ្ជាឲ្យ ឈ្មោះ ចៀម វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែ ក) កើតឡើងនៅចំណុចមុខភោជនីយដ្ឋាន ជីប ស្រេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង២៥នាទី ។
ជនរងគ្រោះឈ្មោះ បាន សី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សម្ភារបាត់បង់មាន៖ លោហធាតុ ពណ៌មាស ០២តម្លឹង (ខ្សែក)។បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕