(ខេត្តកំពត)៖ បុរសជាចោរ ជើងចាស់ម្នាក់ ពេលលួចកាច់ សោរម៉ូតូបាន សម្រេចហើយ ពេលជិៈបម្រុងយកទៅលក់ សុខភាពមិនសូវល្អ ភ្នែកក៏មិនច្បាស់ ដួលច្រងាប់ ច្រងិលម្នាក់ឯង បណ្តាលឱ្យសន្លប់ ស្តូកនៅកណ្តាលផ្លូវ។ក្រោយពីជួបករណី គ្រោះថ្នាក់សមត្ថកិច្ច ក៏បានដឹកបញ្ជូនមក កាន់មន្ទីរពេទ្យ ហើយដឹកបន្ត មកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការតាមនីតិវិធី។
ទាក់ទិននឹង ករណីខាងលើ សមត្ថកិច្ចការិយា ល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពតបានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឈាង សារ៉ន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើសកម្មភាព លួចកាច់សោរម៉ូតូ១ គ្រឿងម៉ាកសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ព្រះសីហនុ 1D-1942 ត្រង់ចំណុចមុខផ្ទះសំណាក់ Good Morning ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
លុះលួចម៉ូតូបានហើយ បុរសសង្ស័យក៏បាន ជិះម៉ូតូនេះតាមផ្លូវ ជាតិលេខ៣ បំណងយក ទៅលក់នៅភ្នំពេញ លុះមកដល់ ចំណុចភូមិថ្មី ភូមិសាស្ត្រ ស្រុកទឹកឈូ ក៏ជួបគ្រោះថ្នាក់ ចរាចរណ៍ដួលម៉ូតូ បណ្តាលឱ្យ រងរបួសធ្ងន់។
សមត្ថកិច្ចបាន បញ្ជាក់ទៀតថា មុនដំបូងកម្លាំង ប៉ូលិសមិនដឹងថា គាត់ជាចោរទេ ខណៈពេលគាត់ សន្លប់ទើបនាំគាត់ មកមន្ទីរពេទ្យ ក៏ឆែករកឃើញ ឧបករណ៍និងសម្ភារៈ ជាប់ពាក់ព័ន្ធមួយចំនួន ដូចជាសោរទីប លេខ៨មួយដើម ដែកកែច្នៃរាង ៦ជ្រុងមានចុងសំប៉ែត ចំនួន៣ដើម ទើបធ្វើការសាក សួរ ហើយក៏បែកធ្លាយ ជាករណីលួចកាច់ សោរម៉ូតូរបស់ គេយកទៅលក់តែម្តង។
តាមចម្លើយសារភាព បុរសសង្ស័យ បាននិយាយថា កន្លងមកគាត់ធ្លាប់ ធ្វើសកម្មភាពលួច កាច់សោរម៉ូតូ នៅភូមិសាស្ត្រ ខេត្តកំពត យកទៅលក់ នៅភ្នំពេញបាន សម្រេច៤លើក មកហើយ ប៉ុន្តែលើកចុង ក្រោយនេះ ជាលើកទី៥ ពេលលួចបាន ហើយបម្រុងជិះយក ទៅលក់ទៀត ស្រាប់តែជួប គ្រោះថ្នាក់ ចរាចរណ៍តែម្តង។
ក្រោយពីស្រង់ ចម្លើយសារភាព ជនសង្ស័យត្រូវ បានសមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពត ចាត់ការ តាមផ្លូវច្បាប់៕