បន្ទាយមានជ័យ៖ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត ទទួលអំណោយពីសប្បុរសជនខេត្តសៀមរាប ដើម្បីចែកបន្តដល់ពលរដ្ឋជួបការខ្វះខាតក្នុងរយៈកាលជំងឺកូវីត១៩ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការសមាគមនចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងប៉ោយប៉ែត នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ គ្រឿងឧបភោគ បរិភោគ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ជែល សាប៊ូ អាកុល ប្រេងឆា ដែលទទួលបានមកពីនេះ បានមកពីលោកស្រី ចៀម សៅរ័ត្ន ,លោកស្រី រឿនរចានារី ,លោកស្រីរ័ត្ន ណារិន ,លោកស្រី ប៉ែនឆវី និងលោក ផាន មូនី្នវណ្ណ ដែលជាអាជីវករ នៅខេត្តសៀមរាប។
លោក គង់ រិទ្ធា បញ្ជាក់ថា អំណោយដែលបានមកពីសប្បុរសជននៅខេត្តសៀមរាប និងអំណោយនានាគឺយកមកចែកបន្តដល់ពលរដ្ឋខ្លះខាតនៅតាមជាយដែនក្រុងប៉ោយប៉ែត ដែលកំពុងជួបការលំបាក ដើម្បីជួយសម្រាលបន្ទុករបស់អាជ្ញាធរ ក៏ដូចជាបន្ទុករបស់រដ្ឋាភិបាល ជាពិសេសក្នុងអន្តរកាលនៃការរីករាលដាលនៃជំងឺ ដែលមានប្រជាពលរដ្ឋជាច្រើន កំពុងជួបបញ្ហាក្នុងជីវភាពប្រចាំថ្ងៃ ដោយភាគីថៃបានបិទច្រកទ្វារព្រំដែន ដែលធ្វើឲ្យពួកគាត់បាត់បង់ការងារធ្វើផងដែរ។
លោកអំពាវនាវ ដល់សប្បុរសជនទាំងអស់ សូមមេត្តាចែករំលែក ជួយជាគ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាត ដោយពួកគាត់បាត់បង់ការងារធ្វើ មានរាប់ពាន់គ្រួសារនៅក្នុងប៉ោយប៉ែត ដែលពលរដ្ឋខ្លះទទួលបានអំណោយពីសមត្ថកិច្ច អាជ្ញាធរ ក៏ដូចជាសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ហើយអ្នកខ្លះក៏នៅមិនទាន់បានទទួល ក្នុងគ្រាដែលជំងឺកូវីត១៩ កំពុងរីករាលដាលទូទាំងពិភពលោកផងដែរ៕