បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋផ្ទុះការតវ៉ា បញ្ឈប់គ្រឿងចក្រ ក្រុមហ៊ុនCM JV TKE ឈូសដី និងបានបំផ្លាញបង្គោលរបងព្រំដីរបស់ខ្លួន ដោយអះអាងថា ក្រុមហ៊ុន គ្មានសិទ្ធិឈូសឆាយដីរបស់ខ្លួន ដោយពួកគាត់មិនទាន់ព្រមទទួលតម្លៃ សំណងពីអន្តរក្រសួង ក្នុងការដោះស្រាយ យកដីរបស់ពួកគាត់ ធ្វើជាតំបន់រដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀង កម្ពុជា.ថៃនោះឡើយ។ ហេតុការណ៍តវ៉ានេះ ធ្វើឡើងរយះពេល២ថ្ងៃ ព្រឹកថ្ងៃទី០៤ និងទី០៥ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ពលរដ្ឋបញ្ជាក់ថា ដីនេះជាដីកម្មសិទ្ធស្របច្បាប់របស់ខ្លួន ហើយទីតាំងដីរបស់ពួកគាត់ រដ្ឋបានកំណត់យក ៨៤ហិកតា ធ្វើជាតំបន់រដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន កម្ពុជា.ថៃ ដោយឲ្យខាងអន្តរក្រសួង ចុះដោះស្រាយសងសំណងក្នុង១ម៉ែត្រក្រឡា តម្លៃ២៥ដុល្លារអាមេរិក មានពលរដ្ឋមួយចំនួនបានយល់ព្រម ហើយពលរដ្ឋមួយចំនួនមិនព្រមទើបធ្វើការតវ៉ា បញ្ឈប់គ្រឿងចក្រឈូសឆាយដីក្នុងដីរបស់ខ្លួន។ ពលរដ្ឋបញ្ជាក់ថា កាលពីឆ្នាំ២០០៨ តម្លៃដីដែលខ្លួនទិញ ក្នុង១ម៉ែត្រក្រឡា ៣០ទៅ៤០ដុល្លារអាមេរិក ហើយតម្លៃដីបច្ចុប្បន្ននេះ គឺ ១ម៉ែត្រក្រឡា តម្លៃជាង២០០ដុល្លារអាមេរិក។ ប្រជាពលរដ្ឋបញ្ជាក់បន្ថែមថា ពួគគាត់ក៏មិនជំទាស់ទៅហ្នឹងរដ្ឋក្នុងការអភិវឌ្ឍន៍ដែរ តែសុំតម្លៃឲ្យបានសមរម្យជាងនេះបន្តិច បើតម្លៃ២៥ក្នុង១ម៉ែត្រក្រឡានេះ ពួកគាត់ខាតបង់។
លោក ខាត់ ធា មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ពលរដ្ឋដែលមកតវ៉ានេះ គឺជាពលរដ្ឋ១៨គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលត្រូវបានក្រសួងដោះស្រាយជូនរួចហើយ។ ចំពោះពួកគាត់១៨គ្រួសារមិនទាន់យល់ព្រមទទួលតម្លៃ ដែលជាសំណងរបស់អន្តរក្រសួង ទើបនាំគ្នាតវ៉ាបញ្ឈប់គ្រឿងចក្រក្រុមហ៊ុន CM JV TKE មិនឲ្យឈូសឆាយដីរបស់ពួកគាត់។ លោក ខាត់ ធា បញ្ជាក់ថា ដែលក្រុមហ៊ុន CM JV TKE យកគ្រឿងចក្រទៅឈូសឆាយនេះ ដោយសារតែក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយរដ្ឋ ដោយកំណត់រយៈពេល ហើយមានទំហំដីច្បាស់លាស់ បើធ្វើមិនទាន់ពេលវេលា មានបញ្ហាខុសលក្ខន្តិក។
ចំពោះក្រុមការងារលោកចុះទៅ ព្រឹកមិញ (ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០) គឺចុះទៅសម្របសម្រួលពួកគាត់ ក្រែងមានបាតុភាពកើតឡើងតែប៉ុណ្ណោះ៕