បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីរករណីដោយឡែកពីគ្នា ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅកាន់នគរបាលជំនាញនៃស្នងការដ្ឋាននគបាលខេត្តបន្ទាយមានជ័យចាត់ការបន្ត នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២០។
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ បានប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវបានឃាត់ខ្លួនបាន២ករណីផ្សេងគ្នា ដែលករណីទី១ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ១.ឈ្មោះ មាន រតនា ហៅសួន ភេទប្រុសអាយុ៣៨ឆ្នាំ ២.ឈ្មោះ សន វិច្ឆិកា ហៅគួក ភេទប្រុសអាយុ២៩ឆ្នាំ ជនសង្ស័យទាំងពីរនាក់ រស់នៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឃាត់ខ្លួននៅវេលាម៉ោង០៩និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត។
ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ផ្កាឈូក អក្សរ WY ចំនួន១៣៥ និងពណ៌បៃតងចំនួន០១គ្រាប់ កូនជញ្ជីងថ្លឹងចំនួន០១ ប្រដាប់ចូកថ្នាំញៀន០១ កាំភ្លើងបាញ់ហ្គាស១ដើម កាំភ្លើងជ័រ០១ដើម ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន២ កាំបិត១ និងសំបកសម្រាប់វិចខ្ចប់មួយចំនួន។
ករណីទី២ឃាត់បានជនសង្ស័យចំនួន២នាក់ ១.ឈ្មោះ គី បារាំង ហៅហាប់ ភេទប្រុសអាយុ៤២ឆ្នាំ និងទី២.ឈ្មោះ ងុំ សុខៈ ភេទប្រុស អាយុ១៧ឆ្នាំ ទាំងពីរនាក់ ស្នាក់នៅបណ្តោះ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ឃាត់ខ្លួននៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ។
ដកហូតបានថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន១កូនថង់ធំល្មម ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន១ បំពង់សម្រាប់ចូកថ្នាំញៀន១ ដែកកេះ៣ កូនកន្ត្រៃ១ និងទូរស័ព្ទចំនួន២គ្រឿង។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា៖នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ ជនសង្ស័យទាំង៤នាក់និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រុង រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕