បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅម្តុំកាស៊ីណូនាគទិព្វថ្មី ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខជូនពួកគាត់ ខណៈដែលមានចោលលួចគាស់ផ្ទះយកទ្រព្យ លួចទូរសព្ទ លួចសម្ភារផ្សេងៗ ស្ទើរជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋឈ្មោះ ណុង សល់ ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅម្តុំកាស៊ីណូនាគទិព្វថ្មី ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា យប់មិញនេះ ចោរបានលួចគាស់ផ្ទះរបស់គាត់ ដោយកាស់បំបែកគ្រាប់សោរ និងគាស់ទ្វារ យកម៉ូទ័រកាត់ដែក១ ម៉ូទ័រស្វាន១ ប៉ុស្តិ៍ផ្សារដែក១ ម៉ូទ័រឆាប ចង្ក្រានប្រើហ្គាសធំ១ ម៉ូទ័រលាងរថយន្ត១ អាគុយ១ និងឧបករណ៍ផ្សេងៗមួយចំនួនទៀត។ លោកបញ្ជាក់ថា នៅពេលចោរគាស់ផ្ទះ គាត់បានសំរាន្តនៅជាន់ទី៣ ហើយប្រហែលជាយប់រំលងអាធាត្រក្នុងអំឡុង ម៉ោង០៣ ទាបភ្លឺថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ លោកក៏ឮសម្លេងឆ្កែព្រុះដែរ តែមិនចាប់អារម្មណ៍។
ក្រោយពីកើតហេតុម៉ោង៦ព្រឹកថ្ងៃដដែល ភ្នាក់ពីគេងទើបដឹងថា ចោរគាត់យកទ្រព្យសម្បត្តិ៍អស់ ទើបដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត។
ប្រជាពលរដ្ឋលក់ចាប់ហួយសុំមិនបញ្ចេញឈ្មោះ និងជាងសំណង់នៅម្តុំកើតហេតុនោះ ក៏បានប្រាប់អ្នកសារព័ត៌ឲ្យដឹងដែរថា ក្នុងម្តុំពួកគាត់រស់នៅនេះ ពិតជាសំបូរចោរលួចគាស់ផ្ទះ និងចូលលួចទូរសព្ទដៃ អាភែត និងឧបករណ៍ប្រើប្រាស់ គ្រឿងសំណង់ជាដើម មានពេលខ្លះក្រោកទាន់ចោរចូលលួចក៏ដេញតាមដែរ តែមិនដែលចាប់បានឡើយ។
គួរបញ្ជាក់ថា នៅក្នុងក្រុងប៉ោយប៉ែត ឃើញថាសមត្ថកិច្ចនគរបាល និងអាវុធហត្ថក្រុង ចុះល្បាតការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ ហើយករណីឃាត់ខ្លួនជនសង្ស័យចែកចាយ និងអ្នកសេពគ្រឿងញៀន និងករណីក្មេងស្ទាវ បានច្រើនមិនស្ទើរផងដែរ តែបញ្ហាកើតមានចោរលួច ចោរគាស់ផ្ទះនៅតែកើតមាន៕(សឿន វ៉ាន់ម៉ាន់លី)