បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត សំអាតអនាម័យបរិស្ថាន ផ្សព្វផ្សាយដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួម ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានការចូលរួមកម្លាំងទាំងបី មន្ត្រីបរិស្ថានក្រុង យុវជនគណបក្ស អាជ្ញាធរ ភូមិ សង្កាត់ក្រុង និងប្រជាការពារភូមិប្រមាណជា១០០នាក់ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ នៅតាមដងផ្លូវជាតិលេខ៥ពីចំណុចផ្សារកណ្តាល ដល់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការសំអាតអនាម័យបរិស្ថាន រើសសំរាម លាងផ្លូវថ្នល់ បាញ់ថ្នាំសំលាប់មេរោគ និងការផ្សព្វផ្សាយតាមរថយន្តប្រចាំថ្ងៃ ក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរអំពីការសំអាតអនាម័យបរិស្ថាន ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាមជាដើម។
លោក អភិបាលក្រុងបញ្ជាក់ថា ការសំអាតអនាម័យបរិស្ថាន កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស ទីផ្សារ សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានក្រុងឲ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យក្រុងប៉ោយប៉ែតអាចឈានទៅយកផ្ការំដួល៣ទងក្នុងឆ្នាំ២០២១នេះ៕(វ៉ាន់ម៉ាន់លី)