សមត្ថកិច្ចនគរបាលចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស

បាត់ដំបង៖ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៣:២២ នាទី នៅចំណុចក្រុមទី ១៣ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរចារ ចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៣២៨/ត.ព្រ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ របស់លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបានបង្គាប់ឲ្យនាំខ្លួន ឈ្មោះ វង្ស គឹមឡាង ហៅ ប៉េវ ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវបានចោទប្រកាន់ពី បទលួចមានស្ថានទម្ងន់ទោស ( យកកាំបិតភ្ជង់យកទូរស័ព្ទដៃ ) ដែលប្រព្រឹត្តឡើងនៅចំណុចក្រោយផ្សារទំនើប ភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ ណាង ហុងស្រេង ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕(វ៉ាន់ម៉ាន់លី)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *