ខេត្តឧត្តរមានជ័យ៖ តៃកុងត្រាក់ទ័រម្នាក់បានស្លាប់ភ្លាមៗ នៅពេលកំពុងតែភ្ជួរដីចំការ ប៉ះចំគ្រាប់មីនតោន ផ្ទុះស្លាប់ និងត្រាក់ទ័របែកជាបំណែកៗ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្បែរព្រៃស្អាក ខាងលិចផ្លូវជាតិលេខ៦៧B ចំងាយប្រហែល៤០០ម៉ែត្រក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សតម្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ យ៉ាង ចាន់ថុល ភេទប្រុសអាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុការណ៍ខាងលើ ក្នុងនោះត្រាក់ទ័រមួយគ្រឿង ក៏បានរងខូចខាតទាំងស្រុង។ ហើយក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចអាវុធហត្ថ និងកម្លាំងជំនាញនគរបាលស្រុកអន្លង់វែង បានចុះត្រួតពិនិត្យនៅទីកន្លែងកើតហេតុរួចក៏បានប្រគល់អោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
ប្រជាពលរដ្ឋរស់នៅភូមិអូរតាម៉េង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា នៅទីតាំងកើតហេតុខាងលើ ជនរងគ្រោះបានចូលទៅភ្ជួរដីចំការស្វាយចន្ទី ដែលគេធ្លាប់ចូលភ្ជួរដីធ្វើចំការអស់រយៈពេលជាច្រើនឆ្នាំ តែពុំមានគ្រោះថ្នាក់ ឬប្រទះឃើញមានគ្រាប់មីនអ្វីនោះឡើយ។ ហើយទើបតែថ្ងៃកើតហេតុ ដោយមានភ្លៀងធ្លាក់ជោគជាំដីសើម ជនរងគ្រោះក៏បានបើកត្រាក់ទ័រទៅភ្ជួរដីនៅតាមចន្លោះដើមស្វាយចន្ទី ក្នុងចំការដូចសព្វឆ្នាំ ស្រាប់តែប៉ះចំគ្រាប់មីនតោនបណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗតែម្តង ហើយត្រាក់ទ័រក៏រងការខូចខាត ដោយប៉ើងខ្ទាតជាច្រើនបំណែក៕