ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាតដំបង បានតឿនរំលឹកដល់មន្ត្រីនគរបាលរបស់ខ្លួនហាមនៅពីក្រោយបទល្មើស ជាដាច់ខាត ដើម្បីរក្សាតម្លៃជាកងនគរបាលរបស់ជាតិ លើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកស្នងការបានបញ្ជាក់ថា កម្លាំងនគរបាលខេត្តបាត់ដំបងត្រូវគោរពបទបញ្ជាថ្នាក់ដឹកនាំ ពង្រឹងស្មារតី សាមគ្គីភាពផ្ទៃក្នុងបានល្អ អនុវត្តការងារតាមជំនាញរបស់ខ្លួនគ្រប់មូលដ្ឋានដែលខ្លួនទទួលខុសត្រូវ និងទប់ស្កាត់ បង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទកុំឲ្យកើតមានឡើងបន្តទៀត និងហាមដាច់ខាតមិនត្រូវនៅពីក្រោយរាល់បទល្មើស ធ្វើជាពឹង ផ្តល់ភាពកក់ក្តៅ និងឲ្យពលរដ្ឋមានទំនុកទុកចិត្ត។
ពិធីផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកនេះ ត្រូវបានតែងតាំងមុខតំណែង និងបំពាក់ឋានន្តសស័ក្តិដល់មន្ត្រីនគរបាលជាច្រើនរូប ពិសេសលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ជាស្នងការរងថ្មីទទួលផែនព្រហ្មទណ្ឌ ជំនួសលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងចាស់ដែលត្រូវបានចូលនិវត្តន៍៕(វ៉ាន់ម៉ាន់លី)