ភ្នំពេញ៖ ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំជូ ត ទោស័ ក ព.ស . ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្នែកចំណុះការិយាល័យ តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ និងប្រគល់លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ នៃលេខាធិការដ្ឋាន គ.ប.ផ.ក។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី អនុប្រធានលេខាធិការដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីជាច្រើនរូបទៀត។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានលេខាធិការដ្ឋាន ក៏បានរំលឹកពីសាវតា បង្កើតលេខាធិការដ្ឋាន គ.ប.ផ.ក ចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន តាំងពីមន្ត្រីមានចំនួនតិច រហូតមន្ត្រីមានចំនួនច្រើន ពីមួយបន្ទប់ រហូតមានច្រើនបន្ទប់ ហើយឯកឧត្តម ឧត្តមសេនីយ៍ឯកក៏បានលើកទ្បើងថា លេខាធិការដ្ឋានដែលជាសេនាធិការ របស់គណ:កម្មាធិការក៏ដូចជាបម្រើការងារជូនក្រសួងមហាផ្ទៃ បានកសាងទាំងធនធានមន្ត្រី ទាំងចំណេះដឹង ទាំងសមត្ថភាពមន្ត្រីគ្រប់ជំនាញ និងបានបំពេញតួនាទីភារកិច្ចជំនាញ ដោយទទួលបានជោគជ័យបេសកកម្មការងារស្របតាមផែនការយុទ្ធសាស្ត្រ របស់គណៈកម្មាធិការ និងមានការកោតសរសើរ គាំទ្រពីថ្នាក់ដឹកនាំក្រសួង និងប្រជាពលរដ្ឋផងដែរ ឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានបន្តថាលទ្ធផលជោគជ័យដ៏ធំធេងទាំងអស់នេះ គឺមានការចូលរួមសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងការខិតខំបំពេញតួនាទីភារកិច្ចរបស់មន្ត្រីចំណុះលេខាធិការដ្ឋានផងដែរ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់បន្ថែមថា នឹងមិនបំភ្លេចសហការី និងមន្ត្រីដែលខិតខំតស៊ូ ប្រឹងប្រែងបម្រើការងារជាមួយ គាត់ តាំងពីដើមទេ ។
ជាទីបញ្ជប់ឯកឧត្តមឧត្តមសេនីយ៍ឯក លីវ សុផាណារិទ្ធិ ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន និងមន្ត្រីទាំងអស់ដែលបានបំពេញការងារជំនាញបានល្អរហូតទទួលបានលទ្ធផលផ្លែផ្កាជាច្រើន និងសូមខិតខំការងារបន្តទៀតដើម្បីភាពរីកចម្រើនរបស់អង្គភាពទាំងអស់គ្នា និងបានផ្តាំផ្ញើដល់មន្ត្រីនគរបាលនៃលេខាធិការដ្ឋានទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញទាំងចំណេះដឹងក៏ត្រូវមានសីលធម៍អាកប្បកិរិយា និងវិន័យជានគរបាលជាតិផងដែរ៕