ខេត្តបាត់ដំបង៖ បុរសដើរជាន់មីនផ្ទះដាច់ជើងម្ខាង ខណៈដែលធ្វើដំណើរប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងព្រៃ ស្ថិតក្នុង នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទី ក្នុងភូមិពាមតា ឃុំតាតោក ស្រុក សំឡូត ខេត្ត បាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពុធ វ៉ាន់ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអូរនាង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ មុនកើតហេតុជនរងគ្រោះបានធ្វើដំណើរទៅក្នុងព្រៃខាងលើ ដើម្បីរកបេះបន្លែនិងជីកត្រពាំង ស្រាប់តែជាន់មីនប្រភេទ៦៩ ដែលទីនោះមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីប៉ុស្តិ៍ព្រំដែនពាមតា ផ្លូវបំបែកនៃវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៣១០ បណ្តាលឱ្យជើងខាងស្តាំរបស់គាត់ត្រូវដាច់។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលនៅមូលដ្ឋាន ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនាំយករូបគាត់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា ក្នុងមូលដ្ឋានស្រុកសំឡូតក៏ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀតដែលជាអតីតសមរភូមិប្រយុទ្ធពីអតីតកាលនៅតែមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយក្នុងដីនៅឡើយ ហើយបញ្ហានេះនៅតែជាក្តីកង្វល់ និងជាបញ្ហាប្រឈមសម្រាប់ ប្រជាពលរដ្ឋដែលមានមុខរបរចេញចូលនៅចំណុច ឬទីតាំងទាំងនោះ៕(វ៉ាន់ម៉ាន់លី)