ព្រះសង្ឃ និងសប្បុរសជន នាំយកសម្ភារនិងគ្រឿងឧបភោគបរិភោគ ប្រជាពលរដ្ឋកំពុងជួបការលំបាកអត់ការធ្វើ នៅតាមបន្ទាត់ព្រំដែនស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ១៦៥គ្រួសារ និងសិស្សានុសិស្ស១០០នាក់ រស់នៅចំណុចបឹងជម្រុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០នេះ ទទួលគ្រឿងឧបភោគ បរិភោគ និងសម្ភារត្រៀមសិក្សាពីព្រះសង្ឃ និងសប្បុរសជន មន្តនិងអញ្ជើញមកពីរាជធានីភ្នំពេញ។
ជំទប់ទី២ឃុំទួលពង្រ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត អត់ការពារធ្វើ និងសិស្សានុសិស្សខ្វះសម្ភារសំរាប់ត្រៀមសិក្សាឡើងវិញ ដែលមកទទួលអំណោយនៅពេលនេះ ដោយភាគីថៃបានបិទច្រកព្រំដែន ដើម្បីការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩។ ប្រជាពលរដ្ឋទាំងនេះភាគច្រើន ជាប្រជាពលរដ្ឋស៊ីឈ្នូលធ្វើកម្មករថែទាំដំណាំឲ្យថៃ ឬធ្វើការសំណង់ ក្បែរបន្ទាត់ព្រំដែន ចូលទៅធ្វើការទៅព្រឹកវិលល្ងាច ដើម្បីដោះស្រាយជីវភាព តែដោយសារតែជំងឺកូវីត១៩ ការងារត្រូវបានផ្អាក។
ព្រះគ្រូចៅអធិការ ព្រះនាម តែម ធារី គង់នៅវត្តកោះមេត្តាពោធិ៍វង្ស ស្ថិតនៅភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសង្ឃដីការថា ដើម្បីចែករំលែកការពិបាករបស់សិស្សានុសិស្ស ដែលកំពុងខ្វះខាតសម្ភារត្រៀមសិក្សា ក៏ដូចជាប្រជាពលរដ្ឋចំនួន១៦៥គ្រួសារ គឺជាអំណោយសប្បុរសជននៅរាជធានីភ្នំពេញ និងព្រះសង្ឃគង់ក្នុងក្រុងប៉ោយប៉ែតមួយចំនួន ដែលតេជគុណបានកៀរគរដើម្បីជួយ តាមរយៈការស្នើសុំរបស់លោកគ្រូ អ្នកគ្រូស្មោះចិត្ត នៅទីនេះ។
ដោយមើលឃើញពីភាពលំបាករបស់សិស្ស ព្រះគ្រូចៅអធិការ តែម ធារី សង្ឃដីការបញ្ជាក់ថា តេជគុណនិងខិតខំកៀរគរជួយធ្វើសាលារៀនឲ្យសមល្មមជាបន្តទៀត ដើម្បីផ្តល់ភាពងាយស្រួលឲ្យក្មេងៗដែលជាទំពាំងស្នងឫស្សីទទួលបាន កន្លែងរៀនសូត្រឲ្យបានសមរម្យផងដែរ។ សម្ភារនិងគ្រឿងឧបភោគបរិភោគចែកជូនដល់ពលរដ្ឋខ្វះខាតជួបការលំបាក និងសិស្សថ្ងៃនេះមាន ខោ អាវ សំពត់ អង្ករ អំបិល ប៊ីចេង ស្កសរ ទឹកត្រី សៀវភៅ ប៊ិច ខ្មៅដៃ៕