ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបល្បែងស៊ីសងអាប៉ោងបៀបានមនុស្សចំនួន៤នាក់ កាលពីចុងសប្តាហ៍ កន្លងទៅនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចអាវុធហត្ថបានប្រាប់ថា ក្រុមពួកអ្នកញៀនល្បែងទាំងនេះ ត្រូវបានចុះបង្ក្រាបបន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចថាមានល្បែងស៊ីសងបៀអាប៉ោង នៅចំណុចកើតហេតុខាងលើ បន្ទាប់មកដាក់កម្លាំងចុះទៅបង្ក្រាប តែត្រូវរត់ចែកជើងគ្នាអស់ សល់តែមេចំនួន២នាក់ អ្នកលេង២នាក់ និងមានស្ត្រីលក់ដូរភេសជ្ជៈ ម៉ូតូម៉ូតូ៤គ្រឿង មេអាប៉ោង កំរាលអាប៉ោង បៀ ផ្តិលនិងចានគ្រប់អាប៉ោង និងថវិកាមួយចំនួន។
សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថា ក្រោយពីកម្លាំងធ្វើការឃាត់ខ្លួនអ្នកញៀនល្បែង និងវត្ថុតាងម៉ូតូ បាននាំមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីពួកឲ្យធ្វើកិច្ចសន្យាអប់រំណែនាំអំពីផលប៉ះពាល់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ និងផលអាក្រក់អំពីការលេងល្បែងស៊ីសង រួចអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ៕(វ៉ាន់ម៉ាន់លី)