មនុស្សស្លាប់២នាក់ក្នុងករណីអគ្គិភ័យឆាបឆេះសមត្ថកិច្ចកំពុងសង្ស័យថាអាចជារឿងអំពើឃាតកម្ម

ខេត្តបាត់ដំបង៖មនុស្ស២បានស្លាប់នៅក្នុងភ្លើងស្ទើរតែមើលលែងយល់ក្រោយពីមានអគ្គីភ័យមួយបានឆាបឆេះកើតឡើងនាពេលរំលងអធ្រាត្រក្រោយពីសមត្ថកិច្ចបានចុះទៅពន្លត់ភ្លើងនោះរួចក៏ស្រាប់តែបានប្រទះរឿងបែបនេះកើតឡើងទៅវិញដែលបញ្ហានេះធ្វើឱ្យកម្លាំងជំនាញកំពុងបើកស៊ើបអង្កេតការស្រាវជ្រាវក្រែងជាអំពើឃាតកម្ម។

ករណីអគ្គីភ័យដ៏គួរឱ្យរន្ធត់មួយនេះបានកើត ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១និង ៤០ នាទីរំលងអាធ្រាត្រត្រង់ចំណុចក្រុមទី១២ភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបងដែលផ្ទះនេះមានទំហំ ៥x១០ ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសីនិងជញ្ជាំងស័ង្កសីជាកម្មសិទ្ធរបស់ឈ្មោះ យៃ ឡើយ ភេទប្រុស អាយុ ៥២ ឆ្នាំ និងមានប្រពន្ធឈ្មោះ គឹម ធឿន អាយុ ៥២ ឆ្នាំ ដូចគ្នាព្រមទាំងកូនស្រីម្នាក់ឈ្មោះ គឹម សៀកមុី អាយុ ១៨ ឆ្នាំ។

តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅក្នុងករណីនេះដែរកម្លាំងបានប្រើប្រាស់រថយន្តចំនួន១គ្រឿងដើម្បីបាញ់ពន្លត់ និងទប់ស្កាត់ជាលទ្ធផលផ្ទះនេះឆេះខូចខាតអស់ប្រមាណ ៧០ % ទៅហើយម៉ូតូចំនួន ២ គ្រឿង បានឆេះខូចខាតទាំងស្រុងកង់ ១ គ្រឿង ខូចខាតនិងសម្ភារមួយចំនួនទៀតខូចខាតទាំងស្រុង ។ក្រោយពីពន្លត់ភ្លើងរួចសមត្ថកិច្ចក៏មានការភ្ញាក់ផ្អើលដោយសារតែបានប្រទះឃើញសពមនុស្ស ចំនួន២នាក់តែមិនទាន់កំណត់អត្តសញ្ញាណបានព្រោះសពផ្កាប់មុខទាំងពីរទើបដាក់កម្លាំងយាមដើម្បីអោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចុះពិនិត្យដើម្បីស្រាវជ្រាវ និងសន្និដ្ឋាន។

នៅព្រឹកថ្ងៃដដែលនេះដែរលោកអូន ហ្វៃនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់យ៉ាងខ្លីថាសពមនុស្ស ២ នាក់ដែលស្លាប់នៅក្នុងភ្លើងគឺជាសពកូនស្រីនិងម្តាយ ប៉ុន្តែចំពោះប្តីគឺបានបាត់ចេញពីផ្ទះដូច្នេះហើយបានជាសមត្ថកិច្ចកំពុមានការសង្ស័យនិងកំពុងបើកការស្រាវជ្រាវជុំវិញបញ្ហានេះ ។ ចំពោះករណីនេះវាអាចពាក់ព័ន្ធទៅនឹងករណីឃាតកម្មឬយ៉ាងណានោះលោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌមិនទាន់ហ៊ានអះអាងនៅឡើយទេដោយលោកកំពុងដាក់កម្លាំងជំនាញស្រាវជ្រាវស៊ើបអង្កេយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ៕(ដោយសឿនវ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *