បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន ចូលរួមសហការ ដឹនាំ កងកម្លាំង ប្រដាប់អាវុធគ្រប់ស្ថាប័ន ដែល ចំណុះ ឱ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង បញ្ជាផ្ទាល់ពី លោក ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម កឹង វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារប្រចាំការ ដឹនាំ កងកម្លាំង រួមមាន លោក ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ត្រី អ៊ំ សុផល ស្នងការរង ផែនការងារ នគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាន នគរបាល ខេត្ត បន្ទាយមានជ័យ លោក ហាំវណ្ណៈ មេបញ្ជារកាព្រំដែនគោក៨៩១ ដើម្បី តាមដាន ក្ដាប់ស្ថានការណ៍ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ចំណុចរង្វង់មូលច្រកព្រំដែន អន្តរជាតិព្រំដែន កម្ពុជា ថៃ ក្រុង ប៉ោយប៉ែត និងស្ថានីរថភ្លើង ព្រមទាំង ចុះល្បាតប្រចាំការ តាមដងផ្លូវជាតិលេខ៥ ផ្លូវបេតុង ស្ថិតក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា មូលហេតុដែលនាំឱ្យអាជ្ញាធរខេត្ត ដាក់កម្លាំងចុះល្បាត និងត្រៀមតាមដងផ្លូវជាតិ នាព្រឹកនេះក្នុងគោលបំណង ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅច្រកទ្វារព្រំដែនអន្តតជាតិប៉ោយប៉ែត ខេតបន្ទាយមានជ័យ ។
នៅក្នុងឱកាសនោះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានជួបសំណេះសំណាល ជាមួយអាជ្ញាធរ ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ប្រទេសថៃ ពាក់ព័ន្ធនិង បញ្ហា ច្រកព្រំដែន នេះផងដែរ ។
សូមរម្លឹកថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ នេះ រដ្ឋាភិបាលថៃបានសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដំណាក់កាលទី៣ រយៈពេល ១ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី០១ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ ។
ហេតុដូច្នេះ ព័ត៌មានបំពុលសង្គមដែលថា “នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរថៃប្រកាសឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឡើងវិញ ដោយអនុញ្ញាតឱ្យបងប្អូនប្រកបរបរអូសរទេះអាចចេញ-ចូលក្នុងមួយរទេះមានគ្នាពីរនាក់ ” គឺជាព័ត៌មានមិនពិតឡើយ ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតទាំងអស់ និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ (សឿន វ៉ាន់ម៉ាន់លី)