(ខេត្តកែប)៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាលនៃ គណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ស្តាប់របាយការណ៍ អំពីការបំពាក់អំពូល ភ្លើងបំភ្លឺផ្លូវសាធារណៈ របស់ក្រុមហ៊ុន Minebea Mitsumi ជប៉ុន ព្រមទាំងធ្វើបទ បង្ហាញអំពីប្រព័ន្ធ គ្រប់គ្រងអំពូល និងពីអត្ថប្រយោជន៍ នៃការប្រើប្រាស់អំពូល ភ្លើងបំភ្លឺផ្លូវសាធារណ: ដែលជាដំណោះ ស្រាយទីក្រុងឆ្លាតវៃ នៅសាលប្រជុំ សាលាខេត្តកែប។
នៅក្នុងឱកាសនោះដែរ លោក សោម ពិសិដ្ឋ អភិបាលខេត្តក៏បាន ថ្លែងអំណរគុណដល់ ក្រុមហ៊ុន Minebea Mitsumi ជប៉ុន ដែលបានចំណាយ ពេលវេលាធ្វើការ បកស្រាយ និងពន្យល់រាល់ ការប្រើប្រាស់ ប្រព័ន្ធអំពូលទាំងនោះ ដោយខណៈនោះ លោកស្នើរសុំឲ្យមន្រ្តីពាក់ ព័ន្ធលើកជាសំណួរ ទៅភាគីក្រុមហ៊ុន ដើម្បីឲ្យយក្រុមហ៊ុន ធ្វើការពន្យល់បន្ថែម។
ទាក់ទិននឹងការងារខាងលើ តំណាងក្រុមហ៊ុនបាន ធ្វើបទបង្ហាញពីសកម្មភាព ការងារដែលបាន អនុវត្តកន្លងមក និងការគ្រប់គ្រង អំពូលភ្លើងបំភ្លឺផ្លូវ សាធារណៈតាមបណ្តា ខេត្តនានា ដែលបានអនុវត្តកន្លងមក និងការផ្គត់ផ្គង់ បំពាក់បរិក្ខាពាក់ព័ន្ធ មួយចំនួននៅតាម សួនច្បារផងដែរ លោកបានពន្យល់ និងធ្វើបទបង្ហាញនៅ លើស្លាយពីរបៀបប្រើ ប្រាស់អំពូលដែល មានគុណភាព ដោយមានការសន្សំ សំចៃថវិកាថ្លៃភ្លើង ហើយលម្អសោភ័ណ ភាពក្នុងទីក្រុង និងអាចជាប់ឈ្មោះ ជាទីក្រុងឆ្លាតវៃផងដែរ ។
តាមការសិក្សារបស់ក្រុមហ៊ុន MinebeaMitsumi លើបណ្តាផ្លូវក្នុងក្រុងកែប នៃខេត្តកែប ការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ គឺត្រូវប្រើប្រាស់អំពូលសរុប ៧៩៤ អំពូល និងបង្គោល ៦១៩ ដើម៕