(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាដល់ កម្លាំងជំនាញរបស់ ផែនការងារ នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល សហការជាមួយ កកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន និងមានការសម្រប សម្រួលបញ្ជាផ្ទាល់ ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង ខេត្តកំពង់ចាម បានចុះបង្ក្រាប ករណី លួចលេងល្បែង ស៊ីសងខុសច្បាប់ ជល់មាន់ និងអាប៉ោងយ៉ាង ច្រើនកុះករ នៅត្រង់ចំណុច ភូមិស្វាយស្រណោះទី១ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ។
សមត្ថកិច្ច បានប្រាប់អោយដឹង ថាក្នុងប្រតិបត្តិការចុះ បង្រ្កាបទីតាំងល្បែង ខាងលើកម្លាំងជំនាញ បានធ្វើការឃាត់ ខ្លួនបានអ្នកញៀន ល្បែងចំនួន១៤នាក់ និងដកហូតបាន នូវវត្ថុតាងរួមមាន ទូរស័ទ្ទដៃចំនួន១០គ្រឿង ម៉ូតូចំនួន៣៥គ្រឿង ចានអាប៉ោងចំនួន០១ កន្រ្តក់មាន់ចំនួន០៤ ផ្តិលជ័រចំនួន០១ ហាន់តោអាប៉ោង ចំនួន០១ មាន់ចំនួន០៤ក្បាល កន្ធន់ជ័រចំនួន០១ ជញ្ចឹងថ្លឹងមាន់ចំនួន០១ ស្កុតរុំនិងខ្នាយដែកមួយចំនួន កញ្ចក់បាំងមាន់ចំនួន០១ ប្រាក់រៀលចំនួន៤,៥០០,០០០រៀល(បួនលានប្រាំសែនរៀល)។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច ជំនាញបញ្ជូនមកកាន់ ស្នងការដ្ឋាននគរ បាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំ រឿងតាមនីតិវិធីនៃច្បាប់៕