ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តនិងក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលចាក់ប្លន់យកទ្រព្យសម្បត្តិ ដែលឃាត់ខ្លួននៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំងពីរនាក់ ១. ឈ្មោះ ពៅ ថេវីន ហៅ ចេក ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ( ជាអ្នកធ្វើសកម្មភាពចាក់ )
២. ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (ជាបក្សពួក )
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ០១:០០ នាទី រំលងអាធ្រាតជនសង្ស័យបានដើរតាមសួនច្បារ សម្ដេច ក្រឡាហោម ស ខេង ក៏បានជួបនឹងជនរងគ្រោះដែលកំពុងអង្គុយលេងនៅសួនច្បារនោះ ហើយក៏បានបបួលគ្នា ទៅបន្ទប់ជួលរបស់ជនរងគ្រោះ ដែលស្ថិតនៅក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រោយពេលជនសង្ស័យទៅដល់បន្ទប់ជនរងគ្រោះ ធ្វើសកម្មភាពចាក់ប្លន់យកទ្រព្យសម្បត្តិបណ្ដាលឱ្យមុត ធ្លុះ ពោះ និង ស្មាជាច្រើនកាំបិត រងរបួសធ្ងន់ ត្រូវដឹកទៅសង្គ្រោះព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ នឿន រ៉ាឌី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ (សឿន វ៉ាន់ម៉ាន់លី)