(ខេត្តកែប)៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប ដឹកនាំដោយ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈជាសេនាធិការ បានរៀបចំកម្មវិធី ចែកសម្ភារៈសិក្សាដល់សិស្សានុ សិស្សថ្នាក់ទី៤ ដល់ទី ៦ នៅសាលា គោលដៅចំនួន០៤ សាលា ដោយពិធីនេះរៀប ចំឡើនៅទីតាំង សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន ដំណាក់ចង្អើរ ខេត្តកែប។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការ អនុវត្តសិទ្ធិជាមូល ដ្ឋានរបស់កុមារ ដែលជាខួបលើកទី៧១ នៃទិវាកុមារ អន្តរជាតិ០១មិថុនា ខួបលើកទី ១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែម ថារាជរដ្ឋាភិបាលកម្ពុជា បានខិតខំកសាង ប្រទេសជាតិធ្វើឲ្យ ប្រជាពលរដ្ឋមាន សិទ្ធិសេរីភាព ជាពិសេសកុមារមាន សិទ្ធិស្មើរគ្នាក្នុង ការចូលរៀន ថែមទំាងទទួល បានសិទ្ធិជាមូលដ្ឋាន ទំាងបួនរបស់ កុមារដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញ នូវគោលការណ៍មួយចំនួន ដើម្បីទប់ស្កាត់ អំពើហិង្សាលើកុមារ ដូចជាការលើកកម្ពស់ ការយល់ដឹងដល់ សាធារណជន បណ្តុះបណ្តាល អាជ្ញាធរពាក់ព័ន្ធ និងគាំទ្រសកម្មភាព ទប់ស្កាត់អំពើល្មើសច្បាប់ រួមទាំងកិច្ចខិតខំ ប្រឹងប្រែងក្នុងការ អភិវឌ្ឍជំនាញ ការអប់រំឳពុកម្តាយ ក្នុងការថែរក្សា កុមារតាមបែបវិជ្ជមាន។
លោកបានបន្ថែមទៀតថា កុមារជាធនធាន មនុស្សមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិនា ពេលអនាគត ហេតុនេះក្នុងនាម យើងទាំងអស់គ្នា ជាអ្នកគាំទ្រ ជាមនុស្សចាស់ ត្រូវតែធ្វើជាគម្រូរ ល្អៗ សម្រាប់ក្រុមកុមារ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏បានវាយតម្លៃ ខ្ពស់ចំពោះទឹកចិត្តថែរក្សា អប់រំ និងធ្វើពលកម្ម គ្រប់បែបយ៉ាង ប្រកបដោយ ព្រហ្មវិហារធម៌ របស់មាតាបិតា មន្ទីរអង្គភាព អង្គការមិនមែន រដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ចំពោះបុត្រធីតា និងកុមារដែលជា សិស្សានុសិស្ស និងសូមអំនាវពាវ ដល់អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជួយទប់ស្កាត់ នៅរាល់បទល្មើស ត្រូវជៀសឆ្ងាយពី គ្រឿងញៀន ល្បែងស៊ីសង និងចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ការឆ្លង រីករាល់ដាលនៃ ជំងឺកូវីដ ១៩ នាពេលកន្លងមក៕ ដោយលោក សេង ណារិទ្ធ